website_news:2022270501

រដ្ឋាភិបាលត្រូវធានាសុខុមាលភាពពលរដ្ឋខ្មែរធ្វើការនៅបរទេស

https://www.khmertimeskh.com/ ទិត្យ គង់នៅ / ខ្មែរថាមស៍ May 25, 2022

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាចំនួន៣ ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស។ ថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក ពីថ្ងៃទី ១៧ ដល់ ២០ ឧសភា ដោយមានការចូលរួមពីប្រទេសចំនួន ១៩៥ មកពីជុំវិញពិភពលោក លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការគាំទ្រការអនុវត្តកតិកាសញ្ញាសកល ដើម្បីការពារពលករចំណាកស្រុកពីការទទួលរងនូវការកេងប្រវ័ញ្ច អំពើហិង្សា ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងសូម្បីតែទាសភាព។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលមានពលករចំណាកស្រុកជាងមួយលាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស។ អ៊ីចឹង បើយើងមិនការពារកម្មករ តើឲ្យការពារនរណាទៅ? លោកស្រីបន្ថែមថា ជនចំណាកស្រុកខ្មែរសព្វថ្ងៃ គឺជាជនដែលទៅធ្វើការដោយស្របច្បាប់ មិនមែនជាជនអន្តោប្រវេសន៍ទេ។ ឥឡូវនេះ មានបញ្ហា៣ដែលកម្ពុជាត្រូវធ្វើក្នុងនាមជាសមាជិកនៃវេទិកាត្រួតពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ ទី១ ការអនុវត្តគោលនយោបាយជាតិស្តីពីអន្តោប្រវេសន៍ដែលកម្ពុជាកំពុងធ្វើរួចហើយ ដឹកនាំដោយក្រសួងការងារ និងសុខាភិបាល។ ទី២ ការប្តេជ្ញាចិត្តដើម្បីផ្តល់អាទិភាពដល់ការប្រមូល និងការចងក្រងទិន្នន័យទាក់ទងនឹងការធ្វើចំណាកស្រុក។ ជាញឹកញាប់ទិន្នន័យដែលបានចងក្រង និង ទទួលបានពីបរទេសមិនមានភាពត្រឹមត្រូវទេ។ ប្រទេសគោលដៅជារឿយៗមិនមានទិន្នន័យរបស់កម្មករដែលចាកចេញ និងអ្នកដែលធ្វើការខុសច្បាប់។ លោកស្រីបានស្នើថា ការគ្រប់គ្រងព្រំដែនរួម និង កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលពាក់ព័ន្ធនឹងជួយក្នុងបញ្ហានេះ។ អ្នកស្រីបន្តថា ទី៣ ការការពារសិទ្ធិកុមារដោយសារឪពុកម្តាយជនចំណាកស្រុកខកខានមិនបានចុះឈ្មោះទារកទើបកើតនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

ជាមួយគ្នានេះ នាយកកម្មវិធីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បាននិយាយកាលពីម្សិលមិញថា ប្រជាជនកម្ពុជាដែលធ្វើការនៅបរទេសត្រូវការបទប្បញ្ញត្តិដែលការពារសិទ្ធិការងាររបស់ពួកគេ និងដោះស្រាយវិវាទដែលកើតឡើងរវាងនិយោជិត និងនិយោជក។ លោកបន្ថែមថា ដោយសារពលករចំណាកស្រុកមិនមានសិទ្ធិពេញលេញក្នុងការប្រកួតប្រជែងការបញ្ចប់អត្ថប្រយោជន៍សេវាក្នុងប្រទេសក្រៅ អន្តរាគមន៍ពីអង្គការសង្គមស៊ីវិល ឬប្រព័ន្ធគាំទ្រផ្នែកច្បាប់ណាមួយពីកម្ពុជាគួរតែត្រូវបានផ្តល់ដល់ពួកគេ។ លោកក៏បាននិយាយដែរថា រដ្ឋាភិបាលកំពុងព្យាយាមកែតម្រូវថ្លៃសេវាមួយចំនួន រួមទាំងឯកសារ និងការចុះបញ្ជី។ លោកក៏បានអំពាវនាវឱ្យមានរបបសន្តិសុខសង្គមដែលអាចធានាសុវត្ថិភាព សុខភាព ការស្នាក់នៅ និងទប់ស្កាត់ការរំលោភបំពានពីនិយោជកផងដែរ។ បច្ចុប្បន្ននេះ កម្ពុជាមានពលករទៅក្រៅប្រទេសសរុបចំនួន ១៣០១៦០៩នាក់ នៅក្នុងប្រទេសចំនួន៧ ដូចដែលបានបង្ហាញក្នុងពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

website_news/2022270501.txt · Last modified: 2022/05/27 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki