website_news:2022270504

ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេសជប៉ុន

https://www.kampucheathmey.com/ ថ្ងៃពុធ ២៥ ឧសភា ២០២២ដោយ Dy Bunnara

រាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមអនុញ្ញាតឱ្យធ្វើតេស្តជំនាញនិងភាសាជប៉ុនសម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងសេវាកម្ម ដើម្បីបញ្ជួនទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ។

លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយចុះថ្ងៃទី ២៥ ឧសភានេះថា តាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថាអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញនិងតេស្ដភាសាជប៉ុននឹងរៀបចំការធ្វើតេស្តភាសានិងតេស្តជំនាញតាមរយៈប្រព័ន្ធកុំព្យូទ័រ។ លោករដ្ឋមន្ត្រីបានបន្តថា ប្រភេទតេស្តផ្នែកកសិកម្មនឹងធ្វើនៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធីសាខាទួលស្លែងនៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២។ ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅថ្ងៃទី១៦កក្កដាថ្ងៃទី២០កក្កដា និងថ្ងៃទី ២៦កក្កដាឆ្នាំ២០២២។

ចំពោះផ្នែកការងារនៅភោជនីយដ្ឋានវិញ នឹងធ្វើនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញដោយធ្វើតេស្តនៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាថ្ងៃទី ១៦ កក្កដាថ្ងៃទី ២០កក្កដានិងថ្ងៃទី២៦កក្កដាឆ្នាំ២០២២។

ចំពោះការចុះឈ្មោះធ្វើតេស្តជំនាញ និងភាសាជប៉ុន បេក្ខជនត្រូវបង់ប្រាក់តម្លៃ ៣៣ ដុល្លារអាមេរិកដោយបេក្ខជនមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីមក្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះអាចនឹងផ្លាស់ប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ១៩។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន២សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះមានពលករចំនួន១១,៤៥៣ នាក់ធ្វើការនៅប្រទេសជប៉ុន៕ សំអឿន

website_news/2022270504.txt · Last modified: 2022/05/27 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki