website_news:2022270506

សមត្ថកិច្ចបញ្ជូនស្ត្រីដែលប្រើអំពើហិង្សាលើកូនស្រីចិញ្ចឹមរបស់ខ្លួន ឱ្យរបួសពេញខ្លួនទៅតុលាការ

http://freshnewsasia.com/ 2022-05-26 03:24pm

(ភ្នំពេញ)៖ នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជូនស្ត្រីដែលបានប្រើប្រាស់អំពើហិង្សាមកលើកូនស្រីចិញ្ចឹមរបស់ខ្លួនឱ្យរបួសពេញខ្លួន ទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

សូមជម្រាបថា ស្ត្រីជាម្តាយចិញ្ចឹមដែលបានប្រើប្រាស់អំពើហិង្សាមកលើកូនស្រីចិញ្ចឹមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវជាម្តាយចិញ្ចឹមឈ្មោះ ចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកម្តាយចិញ្ចឹមជាជនសង្ស័យនោះឈ្មោះ កេង សុភា អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់៕

website_news/2022270506.txt · Last modified: 2022/05/27 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki