website_news:2022270601

ការឆ្លងដែនតាមច្រកខេត្តបន្ទាយមានជ័យ កំពុងមមាញឹក ខណៈការធ្វើប័ណ្ណព្រំដែនកើនឡើង

https://btv.com.kh/ 2022/06/17 01:16:44 pm

បន្ទាយមានជ័យ៖ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងដែនចេញចូលប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ ពិសេសតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងមានការមមាញឹកខ្លាំង ហើយប្រជាពលរដ្ឋទៅធ្វើប័ណ្ណព្រំដែន ក៏មាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ នេះបើតាមការឱ្យដឹងពីអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ បានប្រាប់BTVថា ស្ថានភាពឆ្លងដែនរបស់ពលរដ្ឋចេញចូលប្រទេសថៃ កំពុងមានការកើនឡើង ហើយទោះបីមានការបើកច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក៏នៅមានពលករឆ្លងដែនមកពីថៃ តាមច្រកអូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅផងដែរ។ ចំណែកការធ្វើប័ណ្ណព្រំដែនវិញ មានការកើនឡើងខ្លាំង គឺចាប់តាំងពីថៃបើកព្រំដែន មានអ្នកទៅធ្វើជាច្រើនម៉ឺននាក់ហើយ ។ ឯកឧត្ដម បានបញ្ជាក់ថា ទោះស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរវិញក្ដី ប៉ុន្តែវិធានការទប់ស្កាត់ការឆ្លងជំងឺនេះតាមច្រកព្រំដែន នៅតែបន្តពង្រឹង រួមទាំងមានការអប់រំផ្សព្វផ្សាយ បន្ថែមអំពីការបង្ការ និងអំពាវនាវដល់ពលករទៅទទួលការចាក់វ៉ាក់សាំង នៅតាមទីតាំងដែលអាជ្ញាធររៀបចំរួចរាល់។

កន្លែងមកឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា ដោយសារមានកំណើនពលរដ្ឋឆ្លងដែនចេញចូល ប្រទេសថៃនោះ អាជ្ញាធរខេត្ត គ្រោងពិភាក្សាជាមួយភាគីថៃ បើកច្រកតំបន់២ទៀត គឺច្រកម៉ាឡៃ និងច្រកបឹងត្រកួន ។ នៅក្នុងខេត្តបន្ទាយមានជ័យមានកន្លែងធ្វើប័ណ្ណព្រំដែន ចំនួន២កន្លែង ទី១. នៅច្រកចេញចូលតែ មួយ ក្នុងបរិវេណសាលាខេត្ត និងមួយកន្លែងទៀត នៅក្រុងប៉ោយប៉ែត។ បើតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីខែមេសា មានអ្នកធ្វើប័ណ្ណព្រំដែនចំនួនជាង ១ម៉ឺន៩ពាន់ប័ណ្ណ និងខែឧសភា មានចំនួនជាង ១ម៉ឺន៨ពាន់ប័ណ្ណ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

website_news/2022270601.txt · Last modified: 2022/06/27 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki