website_news:2022270603

ពលរដ្ឋខ្មែរនៅតែបន្តលួចឆ្លងដែនទៅធ្វើការនៅថៃ ខណៈកម្ពុជាកំពុងខ្វះកម្លាំងពលកម្ម

https://www.postkhmer.com/ ឡាយ សាមាន | Publication date 22 June 2022 | 09:19 ICT

ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានអះអាងថា បច្ចុប្បន្នកម្ពុជា មានការលំបាកក្នុងការរកកម្លាំងពលកម្ម ដើម្បីផ្គត់ផ្គង់នៅតាមសហគ្រាស និងរោងចក្រកាត់ដេរ ខណៈអាជ្ញាធរនៅតាមព្រំដែនបាននិយាយថា មានពលរដ្ឋខ្មែរជាច្រើននៅតែបន្តលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយសារតែបញ្ហាជីវភាព និងជំពាក់បំណុលគេ។ លោក អ៊ិត សំហេង បានថ្លែងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអត្រាមានការងារធ្វើនៅកម្ពុជាមានជាង ៩៦ ភាគរយ ស្របពេលដែលកម្ពុជាក៏នៅខ្វះកម្លាំងពលកម្មទៅលើផ្នែកមួយចំនួនផងដែរ។ លោកបញ្ជាក់ថា៖ «ឥឡូវនេះ យើងពិបាករកកម្លាំងពលកម្ម ដើម្បីផ្គត់ផ្គង់ឱ្យតាមសហគ្រាស និងរោងចក្រកាត់ដេរស្បែកជើង និងកសិកដ្ឋានធំ ចម្ការចេក ចម្ការកៅស៊ូនៅខ្វះកម្លាំងពលកម្ម នៅតាមគ្រឹះស្ថាន សេវាកម្ម ធនាគារ ភោជនីយដ្ឋាន ក៏នៅខ្វះកម្លាំងពលកម្មដែរ អ៊ីចឹងមានតម្រូវការច្រើន»។ លោកគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជានៅខ្វះកម្លាំង ហើយនៅតែមានពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនោះគឺជាសិទ្ធិរបស់ពលរដ្ឋ។

បច្ចុប្បន្នពលរដ្ឋខ្លះនៅតែលួចឆ្លងដែនខុសច្បាប់ទាំងគ្រួសារទាំងប្តីប្រពន្ធ កូនតូចៗ ដោយជឿតាមការញុះញង់របស់មេខ្យល់ ដែលបានសន្យារកការងារឱ្យធ្វើនៅថៃជាថ្នូរនឹងការផ្តល់ប្រាក់ទៅឱ្យមេខ្យល់ចន្លោះពី ៧០០ ទៅ ១ ០០០ បាត។ ការឆ្លងដែនខុសច្បាប់ទាំងនោះ ប្រឈមនឹងការឃាត់ខ្លួនពីសំណាក់កងកម្លាំងព្រំដែនទាំងសងខាង និងបញ្ហាផ្សេងៗទៀត ខណៈកម្លាំងការពារព្រំដែនទាំងខ្មែរ និងថៃបានរឹតបន្តឹងនៅតាមព្រំដែនចាប់តាំងពីមានជំងឺកូវីដ ១៩ រាតត្បាតមក។ មន្ត្រីនៅតាមខ្សែបន្ទាត់ព្រំដែនប្រចាំនៅខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជារឿយៗ បន្ទាប់ពីឃាត់ខ្លួន និងធ្វើការសាកសួរ ពលរដ្ឋទាំងនោះភាគច្រើនឆ្លើយថា គាត់មិនមានលទ្ធភាពធ្វើលិខិតឆ្លងដែនស្របច្បាប់ ហើយខ្លះទៀតថា ដោយសារជំពាក់បំណុលធនាគារ។

អ្នកស្រី ចាន់ វន្នី ជាកសិកររស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងឱ្យដឹងថា អ្នកស្រី និងប្តីបានទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់តាំងពីមុនកូវីដ ១៩ រាតត្បាត ហើយបានសម្រេចចិត្តវិលត្រឡប់មកខ្មែរវិញ បន្ទាប់ពីកូវីដនៅថៃ មានការរីករាលដាលខ្លាំង។ តាមពិតអ្នកស្រី និងប្តីមិនចង់ទៅធ្វើការនៅថៃទាំងប្រថុយប្រថាននោះទេ ប៉ុន្តែដោយសារអត់ជម្រើស។ អ្នកស្រីនិយាយ៖ «ព្រោះការដាំដំឡូងមីមិនបានផល លិចទឹករលួយអស់ ហើយជំពាក់បំណុលគេច្រើន ដោយសារខ្ចីលុយគេទិញជី ទិញពូជ អ៊ីចឹងមានតែទៅថៃ ដើម្បីរកការងារធ្វើ ហើយរកលុយមកសងគេ»។ អំឡុងពេលនៅថៃអ្នកស្រីបានធ្វើការនៅរោងចក្រផលិតថង់ដោយទទួលបានប្រាក់កម្រៃប្រមាណ ១ ម៉ឺនបាត (ប្រមាណ ២៨០ ដុល្លារអាមេរិក) ក្នុង ១ ខែ។ ប៉ុន្តែក៏ត្រូវចំណាយច្រើនផងដែរទៅលើការស្នាក់នៅ និងការហូបចុក។ ក្នុងនាមជាពលករខុសច្បាប់ដែលមានបទពិសោធបានសម្រេចចិត្តវិលត្រឡប់មករស់នៅធ្វើការក្នុងប្រទេសកម្ពុជាវិញ និងស្នើឱ្យពលរដ្ឋខ្មែរផ្សេងទៀត ដែលមានបំណងទៅធ្វើការនៅថៃ គួរធ្វើទៅតាមស្របច្បាប់។ អ្នកស្រីថា៖ «ពួកខ្ញុំខុសច្បាប់អ៊ីចឹងគឺរស់នៅពិបាកហើយបែបលាក់លៀមបំផុត ជាពិសេសនៅពេលតម្រួតថៃចុះត្រួតពិនិត្យម្តងៗ។ ធ្វើនៅថៃអស់រយៈពេល ៣ ឆ្នាំហើយសល់លុយតិចតួច ហើយពេលត្រឡប់មកវិញ បើជួបតម្រួតថៃ គេយកលុយអស់ទៀត អ៊ីចឹងខ្ញុំសម្រេចចិត្តរកការងារធ្វើនៅខ្មែរវិញហើយ»។

ជាមួយគ្នានេះដែរ ពលករ ១ រូបរស់នៅខេត្តបន្ទាយមានជ័យ ដែលទើបត្រឡប់ពីប្រទេសថៃមុនពេលចូលឆ្នាំខ្មែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកមិនមានឯកសារគ្រប់គ្រាន់សម្រាប់ឆ្លងដែនតាមច្រកដែលស្របច្បាប់ទៅថៃវិញនោះទេ ដូច្នេះមានតែទៅតាមច្រករបៀង។ លោកថា៖ «ព្រោះបើទៅវិញគេត្រូវការលិខិតឆ្លងដែន និងឯកសារផ្សេងៗ អ៊ីចឹងខ្ញុំត្រឡប់ទៅវិញមានតែតាមច្រករបៀងហើយឱ្យអ្នកនាំផ្លូវ (មេខ្យល់) ៨ ០០០ បាត»។ លោកបានរៀបរាប់ថា៖ «ការឆ្លងដែនខុសច្បាប់ មិនងាយស្រួលនោះទេបង ជួបបញ្ហាច្រើនត្រូវឆ្លងកាត់ស្ទឹង អូរ ឡើងភ្នំចុះឡើង ពេលខ្លះភ្លៀងធ្លាក់រហូតក៏មាន តែធ្វើម៉េចបើអត់ជម្រើសមានតែប្រថុយ»។

គិតត្រឹមរយៈពេល ១ សប្តាហ៍ ដើមខែមិថុនានេះ ពលករខ្មែរជិត ៦០ នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃតាមច្រករបៀងខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលា និងបានណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះ ដែលនឹងអាចបង្កគ្រោះថ្នាក់ផ្សេងៗ។ ទាំងនេះគិតត្រឹមតែច្រករបៀងមួយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលនៅតាមច្រករបៀងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់នៅឡើយទេ ដែលជារឿយៗតែងតែមានពលករខ្មែរលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

លោក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨១៥ នៃខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កម្លាំងព្រំដែនសហការជាមួយកម្លាំងប៉ុស្ដិ៍ចំបក់ និងកម្លាំងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការក្នុងការទប់ស្កាត់ពលករបានជិត ៥៩ នាក់ក្នុងនោះស្រី ២១ នាក់ នាដើមខែមិថុនានេះ ខណៈដែលពួកគេកំពុងបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ លោកឱ្យដឹងថា ប្រតិបត្តិការនោះធ្វើឡើងនៅស្រុកម៉ាឡៃ ដោយនៅថ្ងៃទី ៦ មិថុនា ទប់ស្កាត់បាន ១៥ នាក់ និងថ្ងៃទី ៤ មិថុនា ទប់ស្កាត់បានរហូតដល់ ៤៤ នាក់។ លោកបន្តថា៖ «ក្នុងចំណោមពលករទាំងនោះមានមកពីខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពត ព្រៃវែង ឧត្ដរមានជ័យ កំពង់ស្ពឺ និងត្បូងឃ្មុំជាដើម ហើយពលករទាំងអស់ បន្ទាប់ពីធ្វើការសួរនាំ អប់រំ និងធ្វើការសន្យារួច គឺបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន»។

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលទំនប់ លោក រឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្នពលករនៅតែបន្តលួចឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ ទោះបីសមត្ថកិច្ចធ្លាប់ផ្សព្វផ្សាយអប់រំ និងបានដាក់កម្លាំងការពារនៅព្រំដែនយ៉ាងណាក៏ដោយ។ លោកថា៖ «សមត្ថកិច្ចយើង ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់ និងបានណែនាំ អប់រំគាត់ឱ្យទៅតាមច្រកព្រំដែនស្របច្បាប់ ព្រោះទៅច្រកខុសច្បាប់វាប្រឈមគ្រោះថ្នាក់ច្រើន ដូចជាការគេចពីសមត្ថកិច្ច ឬគ្រោះថ្នាក់ផ្សេងៗ»។ តាមអ្វីដែលសមត្ថកិច្ចសួរនាំកន្លងមក ពលករទាំងនោះភាគច្រើនថា មិនមានលិខិតឆ្លងដែន និងខ្វះថវិកា ទើបពួកគេសម្រេចចិត្តឆ្លងដែនខុសច្បាប់ទាំងប្រថុយប្រថាន។ លោកថា៖ «ខ្លះជំពាក់លុយធនាគារទើបពលរដ្ឋនៅតែលួចឆ្លងដែន ទោះបីយើងខំទប់ស្កាត់ អប់រំយ៉ាងណា ក៏គាត់នៅតែឆ្លៀតពេលលួចឆ្លងដែន ហើយគាត់ជាពលរដ្ឋយើង អ៊ីចឹងគ្រាន់តែអប់រំណែនាំគាត់ឱ្យទៅតាមផ្លូវត្រូវ យើងមិនធ្វើទារុណកម្ម ដាក់ពិន័យទេ»។ លោក ហម សំខាន់ អភិបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានថ្លែងថា នៅក្នុងស្រុករបស់លោក ពលករឆ្លងដែនខុសច្បាប់ហាក់បីដូចជាថមថយក្នុងរយៈពេលចុងក្រោយនេះបើប្រៀបធៀបកាលពីផ្ទុះកូវីដខ្លាំង។ យ៉ាងណាក្តី លោកថ្លែងថា ពលករដែលឆ្លងដែនខុសច្បាប់ទៅថៃដោយសារកត្តាជីវភាព និងចង់រកប្រាក់កម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារ។ លោកថា៖ «ពីមុនមានលួចឆ្លងទៅឆ្លងមកហើយកន្លងមកដែលយើងបានសួរគាត់ ដោយសារកត្តាជីវភាព គាត់ត្រូវតែរកមុខរបរ និងការងារផ្សេងៗ អ៊ីចឹងគាត់ត្រូវបង្ខំចិត្តទៅរកការងារធ្វើនៅថៃ ដោយសារគាត់ចង់បានកម្រៃខ្ពស់ អ៊ីចឹងត្រូវបង្ខំចិត្តទៅក្រៅ»។ លោក មឿន តុលា យកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា តាមអ្វីដែលលោកជួបសម្ភាសជាមួយពលករទាំងនោះ ភាគច្រើនកត្តាជីវភាពខ្វះខាត និងបន្ទុកធំមួយទៀត គឺជំពាក់បំណុលធនាគារ។ លោកថា៖ «ទី ១ ទីផ្សារការងារយើងនៅចង្អៀត ទី ២ ដោយសារពលករទាំងនោះនៅមានបន្ទុកសងបំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូច្នេះហើយជម្រើសមានតែមួយទេ គឺចំណាកស្រុកនោះឯង»។ លោកបន្តថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចក្នុងស្រុកមានការងើបឡើងវិញបន្តិចមែន ប៉ុន្តែទីផ្សារការងារអត់ទាន់បានទូលំទូលាយនៅឡើយទេ ហើយការងារខ្លះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ។ លោកថា៖ «ឧទាហរណ៍ ការងារនៅការដ្ឋានសំណង់នៅកម្ពុជាទទួលបានច្រើនគួរសមដែរ ១ ថ្ងៃបាន ២ ម៉ឺន ឬលើសពីនេះ ប៉ុន្តែការងារនេះ អត់មានសន្តិសុខការងារជាក់លាក់មានន័យថា ពេលគាត់ឈប់សម្រាក ឬឈឺ គឺអត់មានប្រាក់ឈ្នួលទេ ប៉ុន្តែនៅថៃគេមាន»។ លោកបន្តថា មួយវិញទៀតការចំណាយប្រចាំថ្ងៃនៅក្នុងស្រុកខ្ពស់មិនអាចឆ្លើយតបទៅនឹងប្រាក់ចំណូលដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋសម្លឹងមើលការងារនៅខាងក្រៅច្រើនជាងការងារនៅក្នុងស្រុក។

យ៉ាងណាក្តី លោករដ្ឋមន្ត្រី អ៊ិត សំហេង ថ្លែងថា៖ «ទេសន្តរប្រវេសន៍ការងារគឺជាសិទ្ធិ ហើយក៏ជាឱកាសដែលរាជរដ្ឋាភិបាលបានផ្តល់ជូនដល់ប្រជាជន អ៊ីចឹងទេគឺការដែលចេញទៅធ្វើការនៅក្រៅប្រទេស គឺជាជម្រើសមួយរបស់ប្រជាពលរដ្ឋ។ យើងក៏អំពាវនាវ និងជម្រាបជូនដំណឹងថា នៅក្នុងប្រទេសមិនខ្វះការងារទេ ឱ្យតែបងប្អូនចង់ធ្វើ ប៉ុន្តែជម្រើសរបស់គាត់ចង់ទៅ»។ លោកបានបន្តទៀតថា ក្រសួងការងារក៏បានបង្កើតនូវប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកាន់តែច្រើន យុវជន យុវនារី កាន់តែច្រើនចូលរួមការសិក្សាអាចបង្កើននូវសមត្ថភាពផ្ទាល់របស់ខ្លួន។ លោកថា៖ «អ្វីដែលយើងរំពឹងទុកគឺថា យុវជនម្នាក់ ឬពលរដ្ឋម្នាក់មានជំនាញ ១ ជាក្តីសង្ឃឹម ដែលយើងអាចគិតថា នឹងមានអនាគតល្អហើយធនធានមនុស្សផ្នែកបច្ចេកទេសវិជ្ជាជីវៈរបស់យើងនឹងបានបង្កើនឡើង ឆ្លើយតបទៅនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបរទេស»៕

website_news/2022270603.txt · Last modified: 2022/06/27 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki