website_news:2022270605

ពលករខ្មែរនៅថៃប្រឈមបញ្ហាជីវភាព ដោយសារមិនបានប្រាក់សំណងក្រោយថៅកែថៃបញ្ឈប់ការងារ

https://www.rfa.org/ ដោយ ជីវីតា 2022.06.21

ពលករខ្មែរជាច្រើននាក់ធ្វើការនៅប្រទេសថៃមានជីវភាពលំបាក ក្រោយពីពេលថៅកែជនជាតិថៃបញ្ឈប់ពីការងារ ដោយមិនបានផ្ដល់ប្រាក់សំណង ដែលធ្វើឱ្យពួកគេ គ្មានការងារធ្វើរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ពលករខ្មែរធ្វើការខុសច្បាប់តែងតែត្រូវបានថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្ម ហើយគ្មានអាជ្ញាធរខ្មែរណាដោះស្រាយ ពួកគាត់នោះទេ។ រោងចក្រដែលបញ្ឈប់ពលករទាំងនោះ ជារោងចក្រផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិក ដែលស្ថិតនៅ ខេត្តរះយ៉ង (Rak Yorng) ។ ការបញ្ឈប់នេះ ធ្វើឱ្យពលករខ្មែរជិត ៧០នាក់អត់ការងារ និងគ្មានប្រាក់បង់ថ្លៃទឹកថ្លៃភ្លើងថ្លៃបន្ទប់ជួលថ្លៃថែទាំសុខភាព និងមិនមានប្រាក់ផ្ញើជូនគ្រួសារនៅកម្ពុជា ដើម្បីសងធនាគារ។

ពលការីនីខ្មែរធ្វើការរោងចក្រនៅខេត្តរះយ៉ង (Rak Yorng) លោកស្រី ស៊ិន ដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០មិថុនា ថាលោកស្រីព្រួយបារម្ភពីជីវភាពខ្វះខាតក្នុងពេលស្នាក់នៅក្នុងប្រទេសថៃ ។លោកស្រី បន្តថា ប្រសិនបើលោកស្រី នៅតែបន្តគ្មានការងាររយៈពេលយូរទៅមុខទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅកាន់តែខ្លាំង៖ «ដូចថាយើងពលករខុសច្បាប់អ៊ីចឹងទៅ គឺគេអត់សូវយកចិត្តទុក្ខដាក់យើង ដល់ពេលអត់ការងារគឺជំរុះចោលអញ្ចឹងទៅ គេអត់ខ្វល់ហាស់ ! និយាយរួមទៅគេអត់ខ្វល់ពីយើង ថាយើងទុក្ខលំបាកម៉េចគេអត់ខ្វល់ សំខាន់គឺគេអត់មានការងារអោយធ្វើ អោយយើងរកការងារធ្វើខ្លួនឯងទៅ ” ។ លោកស្រី ស៊ិន ដា អំពាវនាវដល់រដ្ឋាភិបាលជួយដល់ពលករខ្មែរខុសច្បាប់ ឱ្យមានសិទ្ធិស្របច្បាប់ ដើម្បីងាយស្រួលរកការងារធ្វើក្នុងប្រទេសថៃ និងកុំឱ្យក្រុមមេខ្យល់ជនជាតិខ្មែរ និងថៃចេះតែបោកប្រាស់កម្លាំងពលកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសថៃបន្តទៀត។

ចំណែកពលករខ្មែរម្នាក់ធ្វើការរោងចក្រនៅខេត្តរៈយ៉ង លោក មឿន លួន ថ្លែងថា លោកជួបការលំបាកខ្លាំង ព្រោះមិនមានការងារធ្វើជិត២ខែមកហើយនៅក្នុងប្រទេសថៃ ក្រោយពីរោងចក្របញ្ឈប់លោកពីការងារ ។ លោកបន្តថា បញ្ហាចំពោះមុខពេលនេះ គឺលោកត្រូវចំណាយទៅលើការជួលបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធនាគារនៅស្រុកខ្មែរជាដើម៖ «មិនជាគេដកចេញឬក៏»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២០ មិថុនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែកាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ អនុព័ន្ធការងារតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយមូលនិធិលើកកម្ពស់សិទ្ធិនិងគុណភាពជីវិតពលករ (LPN) និងអង្គការសង់ត្រាល់ បានចុះសួរសុខទុក្ខពលករកម្ពុជាជាង ៤០០នាក់ ហេតុការណ៍ភ្លើងឆេះនៅរោងចក្រម៉ាស្ទ័រ ហ្វូត(Master Wood) ដោយមានការខូចខាតទាំងស្រុង ដែលស្ថិតនៅតំបន់និគមផាត់តាណា ខេត្តរ៉ាក់យ៉ង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ថ្លែងថាលោកបានចូលរួមជាមួយអង្គការ (FAR) Foundation for AIDs Rights និង មូលនិធិលើកកម្ពស់សិទ្ធិ និងគុណភាពជីវិតពលករ (LPN) សហការគ្នាចុះទៅដល់កន្លែងពលករ ហើយបានអប់រំណែនាំពីសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗដល់ពលករទាំងនោះ ។ លោក លឹង សុផុន មើលឃើញថា ក្រុមពលករទាំងនោះកំពុងជួបការលំបាកដោយគ្មានប្រាក់បង់ថ្លៃបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង និងគ្មានប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារជាដើម ។ លោកបន្តថា ពលករពិបាកក្នុងការចេញទៅរកការងារធ្វើនៅកន្លែងផ្សេង ដោយសារពួកគាត់ធ្វើការងារដោយខុសច្បាប់ ប្រឈមនឹងការបោកប្រាស់កម្លាំងពលករពីក្រុមមេខ្យល់នៅប្រទេសថៃ៖ «យើងនឹងស្វែងរកនីតិវិធីណា ដែលដើម្បីឱ្យបងប្អូនទទួលបានយុត្តិធម៌ ហើយមួយវិញទៀត រឿងហ្នឹងវាសាំញ៉ាំដែរ ទាក់ទងទៅរឿងថៅកែសាប់(អ្នកនាំពលករ)ផង ថៅកែរោងចក្រផង ហើយណាមួយទៀតទាក់ទងទៅរឿងមេការខាងសាប់ហ្នឹងឯង គេយកឯកសារគាត់ទៅដើររឿង ធ្វើប័ណ្ណការងារ(បាត់) ធ្វើវីសាហ្នឹង ក៏វាមិនទាន់ត្រឹមត្រូវតាមច្បាប់ហាស់ ! មើលទៅឃើញថា បើសិនត្រឹមត្រូវតាមច្បាប់ គឺបងប្អូនពលករហ្នឹងមានកាតរាប់ប្រកាន់សង្គម(ធានារាប់រងសង្គម) ហ្នឹងហើយ»។

លោក លឹង សុផុន បន្ថែមថា នៅតាមរោងចក្រមួយចំនួន មានភាពមិនប្រក្រតី ពេលពលករបើកប្រាក់ខែម្តងៗ គឺគេតែងកាត់ប្រាក់ទៅលើរបបសង្គម និងថ្លៃតម្រួត។ កន្លងមកពលករខ្មែរធ្វើការនៅប្រទេសថៃ តែងជួបការលំបាកជាច្រើន ដោយខ្លះគ្រោះថ្នាក់ចរាចរ និងកេងប្រវ័ញ្ចកម្លាំងពលកម្ម និងមួយចំនួនក៏ត្រូវថៅកែធ្វើបាប និងការងារមិនបើកប្រាក់ឈ្នួលជាដើម ។ របាយការណ៍ក្រសួងការងារឆ្នាំ២០២១ បង្ហាញថា ពលករកម្ពុជាធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ធ្វើការនៅប្រទេសថៃមាន ១លាន២សែននាក់ ប៉ុន្តែអង្គការសង់ត្រាល់បង្ហាញថា ពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណ ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ៕

website_news/2022270605.txt · Last modified: 2022/06/27 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki