website_news:2022270701

ក្រសួងមហាផ្ទៃ នឹងបើកប្រតិបត្តិការ ត្រួតពិនិត្យការ រស់នៅជនបរទេស លើកលែងតែមន្រ្តីទូត ក្រោយអាមេរិក ដាក់កម្ពុជាក្នុងបញ្ជីខ្មៅ

https://dap-news.com/national/ ByPH104Posted on July 26, 2022

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងបើកប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយធំ ត្រួតពិនិត្យការរស់នៅ របស់ជនបរទេសទាំងអស់នៅកម្ពុជា លើកលែងតែមន្រ្តីការទូត តែប៉ុណ្ណោះ។ ការត្រួតពិនិត្យការ រស់នៅ របស់ជនបរទេស នៅកម្ពុជាបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ ចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស។

ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះក្រសួងការបរទេសអាមេរិក ដាក់កម្ពុជា ចូលជាបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជា បានខិតខំយ៉ាងសកម្ម ក្នុងការសហការទប់ស្កាត់ អំពើជួញដូរមនុស្សនេះ។ សម្ដេចបានបញ្ជាក់ថា «ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោង ចំពោះការជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃ ត្រូវតែបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថា នៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុននានានោះទេ លើកលែងតែមន្រ្តីការទូត» ។

ទោះយ៉ាងណា ក៏ដោយ សម្តេច ស ខេង ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេច របស់ក្រសួងការបរទេសអាមេរិក ដាក់កម្ពុជាចូល ក្នុងបញ្ជីខ្មៅនេះ ប៉ុន្តែកម្ពុជានៅតែមានឆន្ទះមុះមុត ក្នុងការសហការប្រយុទ្ធប្រឆាំង នូវអំពើជួញដូរមនុស្សជានិច្ច ហើយនឹងបើកប្រតិបត្តិការធំ ដើម្បីសម្អាត អំពើជួញដូរមនុស្សនៅកម្ពុជានេះ ស្របទៅតាមការចង់បាន របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា សហរដ្ឋអាមេរិក បានដាក់កម្ពុជា ជាចំណាត់ថ្នាក់លេខ២ អស់រយៈពេលពីរឆ្នាំមកហើយ ខណៈចំណាត់ថ្នាក់លេខ២ នេះគឺជាប្រទេសមានការខិតខំប្រឹងប្រែង និងមានការឆ្លើយតប និងមានភាពចន្លោះប្រហោង ដែលត្រូវបំពេញបន្ថែម ក្នុងកិច្ចការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សនេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ ដែលអាមេរិកសម្រេច ដាក់កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ គឺគេចង់និយាយថា កម្ពុជាមានភាពប្រងើយកន្តើយ គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់ ចំពោះកិច្ចការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស រហូតដល់គេអាចសម្រេច ដាក់ទណ្ឌកម្មដល់កម្ពុជា ផងដែរនោះ ៕

website_news/2022270701.txt · Last modified: 2022/07/27 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki