website_news:2022270702

កាស៊ីណូអត់ច្បាប់ និងបនស្រីពេស្យាចិន-វៀតណាម បើកទទួលអន្តោប្រវេសន៍ខុសច្បាប់ចិន គគ្រឹកគគ្រេងក្នុងទឹកដីខណ្ឌសែនសុខ លោក ឃួង ស្រេង ដឹងឬទេ?!

https://cen.com.kh/ Posted ByPen Srey NeatJuly 25, 2022

ភ្នំពេញ ៖ សណ្ឋាគារខ្ពស់ស្កឹមស្កៃមួយកន្លែង ត្រូវបានថៅកែជនជាតិចិន ៤នាក់សហការគ្នា ជួលពីម្ចាស់ជាជនជាតិខ្មែរ ទៅបើកជា កាស៊ីណូ (ល្បែងស៊ីសងជាច្រើនប្រភេទ) និងក្លិបកម្សាន្ត បម្រើអន្តោប្រវេសន៍លួចលាក់ជនជាតិចិនខុសច្បាប់ ក្នុងនោះមានទាំងបម្រើសេវាផ្លូវភេទមួយសេតតែម្ដង ដែលពេលនេះកំពុងដំណើរការយ៉ាងត្រជាក់មេត្រជាក់កូន, រឿងនេះ មិនដឹងថាអាជ្ញាធរដែកដី លោក ហួរ ម៉េងវ៉ាង អធិការ និងលោក ម៉ូវ ម៉ានិត អភិបាល ដឹងដែរ តែបណ្ដែតបណ្ដោយ ឬក៏មិនបានដឹងសោះហ្មង ឬយ៉ាងណា?! ម្យ៉ាងទៀត អាចថា ក្រុមមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ព្យាយាមបិទបាំងរឿងអាស្រូវនេះមិនឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹងឡើយព្រោះខ្លាចបែកឆ្នាំងបាយរបស់ពួកគេ។

អូយយ៉ូយ ! CEN ស្តាប់ទៅព្រឺសម្បុរខ្លាំងណាស់ ត្រង់ថា កាស៊ីណូខុសច្បាប់ មានល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា តុបៀ ហ្គេមអនឡាញ ស្លុតម៉ាស៊ីន និងសេវាស្រីស្រស់ ស្រីស្អាត ជនជាតិចិន និងវៀតណាម សម្រាប់បម្រើផ្លូវភេទដល់បុរសជនជាតិចិនដែលធ្វើអន្តោប្រវេសន៍លួចលាក់មកក្នុងប្រទេសកម្ពុជា។ រឿងអាស្រូវខុសឆ្បាប់ធំយ៉ាងនេះ ហេតុអ្វីក្រុមមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ បែរជាថ្លើមធំ ហ៊ានគប់គិតគ្នាផ្ដល់ឱ្យកាស៊ីណូអត់ច្បាប់ និងបនស្រីពេស្យាល្មើសច្បាប់ លុកលុយ បំពារបំពានវប្បធម៌សង្គមកម្ពុជាដ៏ល្អ បំបាក់មុខប្រមុខរាជរដ្ឋាភិបាល និងលួចលាក់មិនឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រឹង ដឹងថែមទៀត តើវាស័ក្ដិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែរទេ?!

សណ្ឋាគារបង្កើតបទល្មើសដ៏អសោចិ៍មួយកន្លែងនេះ មានកម្ពស់ខ្ពស់គ្រាន់បើ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ស្គាល់ច្បាស់លេខផ្ទះ លេខផ្លូវ ប៉ុន្តែសុំលាក់បន្តិចសិន ទុកមុខទុកមាត់ឱ្យអាជ្ញាធរដែនដី ចាំមើលថា ចេះរកឃើញឬអត់?), ទីតាំងកាស៊ីណូ និងវិមានបនពេស្យានារីចិន និងវៀតណាម លួចលាក់នេះ មាន២អាគារ គឺអគាខាងមុខ និងអគារខាងក្រោយ, មានច្រកចូល ២កន្លែង គឺច្រកចូលខាងកើតមួយកន្លែង និងច្រកចូលខាងជើងមួយកន្លែង។

តាមប្រភពពីប្រជាពលរដ្ឋ និងក្រុមមន្ត្រីស្មោះត្រង់ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះ… (សុំលាក់សិន) មានម្ចាស់ជាជនជាតិខ្មែរ ប៉ុន្តែបានជួលឲ្យថៅកែជនជាតិចិនមានគ្នា ៤នាក់, ដំបូងឡើយគេនិយាយគ្នាពីការជួលបើកក្លិបកម្សាន្ត របៀបជា ភោជនីយដ្ឋាន ខារ៉ាអូខេ ស្ទីម ម៉ាស្សា តែប៉ុណ្ណោះ ប៉ុន្តែ ថៅកែចិន ដែលមានផ្នត់គំនិតម៉ាហ្វីយ៉ា និងចរិតរកស៊ីកាប់ដាវ (រកស៊ីខុសច្បាប់) មិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះ បែរជាទៅបើក កាស៊ីណូ អត់ច្បាប់ (ល្បែងស៊ីសងជាច្រើនប្រភេទ មាន តុបៀ ហ្គេមអនឡាញ ស្លុតម៉ាស៊ីន) និង សេវាផ្លូវភេទ សម្រាប់អន្តោប្រវេសន៍ចិនលួចលាក់ខុសច្បាប់ទៅវិញ។ ភ្នាក់ងារសម្ងាត់របស់ CEN រួមជាមួយក្រុមមន្ត្រីស្មោះត្រង់ បាននិយាយប្រាប់ថា បនល្បែងកាស៊ីណូតុបៀ គេរៀបចំនៅអគារខាងក្រោយជាន់ក្រោយ, ល្បែងហ្គេមអនឡាញគេរៀបចំនៅអគារខាងក្រោយដែរ តែជាន់ទី១, រីឯកន្លែងម៉ាស្សា និងបន្ទប់បម្រើសេវាផ្លូវភេទ គេរៀបចំនៅជាន់ខាងលើៗទៀត, សម្រាប់នារីបម្រើផ្លូវភេទវិញ គឺមានតែនារីចិន និងនារីវៀតណាម តែប៉ុណ្ណោះ, ចំណែកនារីខ្មែរវិញ គេមិនអនុញ្ញាតឱ្យមាននៅក្នុងនេះទេ។ ស្ថានភាពនៃការចូលលេងល្បែងស៊ីសង និងសេវាផ្លូវភេទ គេរៀបចំប្រព័ន្ធការពារ ឬសន្តិសុខយាមកាម តឹងតែងណាស់, តាមប្រភពថា ជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលមកពីក្រសួងមហាផ្ទៃទៀតផង។

អ្នកដែលអាចចូលលេង ឬចេញ-ចូលក្នុងកាស៊ីណូអត់ច្បាប់នេះបាន គឺលុះណាតែ នារី-បុរស ជនជាតិចិន ឬនារីជនជាតិវៀតណាម ទើបគេអនុញ្ញាតឲ្យចូល, បើឃើញបុរស-នារី ជនជាតិខ្មែរវិញ គេមិនអនុញ្ញាតឱ្យចូលទេ, បើអាច លុះណាតែ នារីខ្មែរហ្នឹង ត្រូវបានបុរសជនជាតិចិននាំចូល។ ប្រភពខាងលើ បានបញ្ជាក់ឱ្យដឹងថា បនល្បែងកាស៊ីណូខុសច្បាប់ និងសេវាបម្រើផ្លូវភេទរបស់ថៅកែចិនទាំង ៤នាក់នេះ ចាប់ផ្ដើមបើកដំណើរការយ៉ាងសប្បាយរីករាយ ត្រជាក់មេ ត្រជាក់កូន ចាប់តាំងពីដើម ខែមិថុនា ឆ្នាំ២០២២មកម៉្លេះ គិតមកដល់ចុង ខែកក្កដានេះ គឺប្រហែលពីរខែហើយ, សភាពទូទៅនៅក្នុងសណ្ឋាគារបង្កប់កាស៊ីណូ និងបនស្រីពេស្យានេះ គឺមានសកម្មភាពអ៊ូអរ ឬចាប់ផ្ដើមបម្រើសេវាគ្រប់យ៉ាង តែពេលយប់ៗប៉ុណ្ណោះ, ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ទីនេះនៅស្ងាត់នៅឡើយទេ, តែចាប់ពីម៉ោង ៧យប់ ឡើងទៅ គឺដំណើរការពេញទី, រហូតដល់ម៉ោងជាង៤ទៀបភ្លឺ ទើបភាពអ៊ូអរត្រូវបានរសាយបាត់បន្តិចម្ដងៗ។

សូមបញ្ជាក់ថា ទីតាំងកាស៊ីណូ និងបនពេស្យាខុសច្បាប់ខាងលើនេះ គេបម្រើ និងបើកឲ្យចេញចូលចំពោះតែជនអន្តោប្រវេសន៍ចិនលួចលាក់ខុសច្បាប់ចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ, ជនជាតិខ្មែរ គេមិនឱ្យចេញ-ចូលកម្សាន្តនៅទីនេះ នោះទេ ព្រោះថា ខ្លាចបែកការណ៍។ ចំពោះករណីនេះ តើអាជ្ញាធរខណ្ឌសែនសុខ មាន លោក ហួរ ម៉េងវ៉ាង អធិការនគរបាល និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចឹង ឬក៏អត់? បើដឹងហើយ ហេតុម្ដេច មិនបង្ក្រាប ?! បែរជាទុកឲ្យកាស៊ីណូល្បែងស៊ីសងច្រើនប្រភេទ និងបនស្រីពេស្យាបម្រើផ្លូវភេទខុសច្បាប់នេះ បើកដំណើរការ បង្កកលិយុគក្នុងរាជធានីភ្នំពេញបែបនេះ?! បើថាថ្នាក់ដឹកនាំខណ្ឌសែនសុខ ទាំងពីរនាក់នេះ មិនបានដឹងរឿងអាស្រូវនេះវិញ តើសមត្ថភាពរបស់ពួកគេក្នុងការដឹកនាំអភិវឌ្ឍន៍ខណ្ឌ នឹងទៅជាយ៉ាងណា?! ត្រង់ចំណុចនេះ សូម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលអំពីសកម្មភាពការងារ និងសមត្ថភាពរបស់ថ្នាក់ដឹកនាំខណ្ឌសែនសុខឡើងវិញផង។

រឿងរ៉ាវអាស្រូវក្នុងទឹកដីខណ្ឌសែនសុខនេះ មជ្ឈមណ្ឌលព័ត៌មាន CEN បានទាក់ទងទៅសុំការបំភ្លឺបកស្រាយពីថ្នាក់ដឹកនាំផងដែរ គឺ លោក ហួរ ម៉េងវ៉ាង អធិការនគរបាល និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ប៉ុន្តែមិនអាចទាក់ទងបាន ដោយពួកលោក ខ្លះខលចូលហើយ មិនលើកទូរស័ព្ទ, អ្នកខ្លះជាប់ប្រជុំ និងអ្នកខ្លះសូមឱ្យរង់ចាំហើយក៏មិនបានឆ្លើយតប៕ ពិសិដ្ឋ CEN

website_news/2022270702.txt · Last modified: 2022/07/27 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki