website_news:2022270703

ថៃ ចាប់បាន មេខ្លោង ជួញដូរមនុស្សឆ្លងដែន មកធ្វើការក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទនៅ កម្ពុជា

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៦ កក្កដា ២០២២ដោយ Sok Sovann

បុរសជនជាតិចិនម្នាក់ ដែលគេតាមចាប់ខ្លួន ករណីជួញដូរជនជាតិចិនឆ្លងដែនទៅធ្វើការក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទនៅប្រទេសឡាវ និងកម្ពុជា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា។ មេប៉ូលិស Suwat Chaengyordsook បានទទួលទូរស័ព្ទកាលពីថ្ងៃសុក្រ ទី២២ខែកក្កដា ដោយព្រមានថា ជនជាតិចិនដែលប៉ូលិសអន្តរជាតិ Interpol កំពុងតាមចាប់ខ្លួនបំផុត នឹងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក នៅថ្ងៃបន្ទាប់។ លោក Zhou Dawei ត្រូវបានគេប្រកាសតាមចាប់ខ្លួននៅក្នុងប្រទេសចិន ក្រោមការសង្ស័យជាមេខ្លោងជួញដូរមនុស្សក្នុងនិងក្រៅប្រទេស។ លោក Dawei ត្រូវប៉ូលិសថៃចាប់ខ្លួន ពេលគាត់មកដល់ទីក្រុងបាងកកនៅថ្ងៃសៅរ៍ ហើយត្រូវបានសួរចម្លើយនៅមជ្ឈមណ្ឌលឃុំឃាំងអាកាសយានដ្ឋានសុវណ្ណភូមិ។ លោក Dawei សារភាពថា បាននាំជនជាតិចិនចូលទៅក្នុងប្រទេសឡាវនិងកម្ពុជា ដើម្បីធ្វើការនៅក្នុងក្រុមជម្រិតទារប្រាក់តាមទូរស័ព្ទ។ អាជ្ញាធរចិនបានប្រាប់ប៉ូលិសថៃថា លិខិតឆ្លងដែនរបស់ Dawei ត្រូវបានដកហូតរួចហើយ ហើយបានស្នើឲ្យនិរទេសគាត់ត្រឡប់ទៅប្រទេសចិនវិញ ដើម្បីកាត់ទោស។ ប៉ូលិសថៃ បានដាក់លោក Dawei ក្នុងជើងហោះហើរ CZ 3082 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ឆ្ពោះទៅកាន់ទីក្រុង Guangzhou នៅម៉ោង ៥ល្ងាច ថ្ងៃទី២៥ខែកក្កដា៕ Vann Vann ប្រភព៖ Sanook

website_news/2022270703.txt · Last modified: 2022/07/27 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki