website_news:2022270705

ពលរដ្ឋខ្មែរជាច្រើននាក់នៅតែបន្តឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដោយសារអត់ការងារធ្វើនៅកម្ពុជា

https://www.rfa.org/khmer/ ដោយ សុជីវី2022.07.26

ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅរកការងារធ្វើនៅប្រទេសថៃ បើទោះបីជាពួកគាត់ដឹងថា ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ ដោយសារតែជីវភាពខ្វះខាត និងពុំមានការងារធ្វើនៅក្នុងស្រុក។ សង្គមស៊ីវិលយល់ថា មូលហេតុដែលពលករខ្មែរឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយសារពួកគេគ្មានប្រាក់ធ្វើលិខិតឆ្លងដែន។ ពលករខ្មែរលើកឡើងថា មូលហេតុដែលពួកគាត់ចេះតែឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រថុយនឹងគ្រោះថ្នាក់នោះ ដោយសារក្នុងស្រុកលំបាករកការងារធ្វើឲ្យបានទៀងទាត់ ស្របពេលដែលធ្វើស្រែចម្ការបានផលមកគ្មានទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យ ហើយពួកគាត់ជំពាក់បំណុលធនាគារវ័ណ្ឌក។

ពលការិនី ធ្វើការជាអ្នករៀបបន្លែផ្លែឈើដាក់កេះម្នាក់នៅខេត្តប៉ាថុមថានី(Pathum Thani) លោកស្រី សា វេន អាយុ៣៥ឆ្នាំ មកពីស្រុកកោះក្រឡ ខេត្តបាត់ដំបង ទើបតែរស់នៅប្រទេសថៃបានជិតមួយខែ ប្រាប់អាស៊ីសេរី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ថា លោកស្រីសម្រេចចិត្តទៅរកការងារធ្វើនៅប្រទេសថៃ ដោយសារផលដំឡូងមីរបស់លោកស្រីលក់បានថោក ហើយមិនគ្រប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកស្រីបន្តថា លោកស្រីបានឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់តាមរយៈមេខ្យល់ ព្រោះលោកស្រីមិនចង់ធ្វើឯកសាររកការងារតាមរយៈក្រុមហ៊ុន ដែលបង់ប្រាក់ថ្លៃរត់ការច្រើនដំណាក់កាល និងស៊ីពេលយូរ។ លោកស្រីបញ្ជាក់ថា សព្វថ្ងៃលោកស្រីនៅតែមានក្ដីកង្វល់ ពេលដែលប៉ូលិសថៃចុះឆែកឆេរតាមកន្លែងធ្វើការ ព្រោះលោកស្រីមិនទាន់មានឯកសារស្របច្បាប់ ដើម្បីធ្វើការនៅឡើយទេ៖ «ធ្វើវាបានតិចពេកខ្ជិល អត់ធ្វើក៏មកនេះ។ខុសគ្នាស្រុកយើងវាអត់ដូចស្រុកគេ ប្រជាជនគេសុខសាន្តជាង។ និយាយទៅគេមកគ្រប់តែគ្នាមករកការងារធ្វើបានអីចឹងទៅណា។ យើងនៅឯណោះរកបានដែរ ប៉ុន្តែអត់ដូចគេ»។

ស្រដៀងគ្នានេះដែរ ពលការិនីម្នាក់ទៀតដែលធ្វើការជាមួយគ្នាលោកស្រី ភាព ស្រីរត្ន ប្រាប់ថា លោកស្រីមិនចង់ទៅធ្វើការនៅប្រទេសគេទាំងខុសច្បាប់ដូច្នេះទេ ព្រោះពេលចូលទៅត្រូវកាត់វាលកាត់ព្រៃទាំងមិនដឹងទិសតំបន់ និងមានហានិភ័យខ្លាំង តែដោយសារជីវភាពខ្វះខាតទើបផ្សងគ្រោះថ្នាក់ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ៖ «ចង់ស្នើឲ្យរាជរដ្ឋាភិបាលថៃ បើសិនជាប្រជាពលរដ្ឋខ្មែរមកខុសច្បាប់ សុំកុំឲ្យចាប់យកទៅដាក់ឃុំឃាំង សុំឲ្យមានការធ្វើប័ត្រធ្វើប៉ាស្ព័រ។ហើយឲ្យប្រជាជនខ្មែរមានការងារធ្វើ មានអីត្រឹមត្រូវទាំងអស់ ។ ជួយមានការងារធ្វើ ហើយកុំឲ្យថា កុំឲ្យរើសអើងខ្មែរ ឬក៏ស្ដីថា»។

វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានទេនៅថ្ងៃទី២៥ខែកក្កដា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។

របាយការណ៍របស់ទាហានថៃខេត្តស្រះកែវថា កាលពីថ្ងៃទី២៤ ខែកក្កដា ក្រុមទាហានថៃប្រចាំការនៅស្រុកអារញ្ញប្រទេស និងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ (Sra Keo) បានស្កាត់ចាប់ពលរដ្ឋខ្មែរចំនួន៣៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ តាមព្រំដែនខេត្តបន្ទាយមានជ័យ ដោយបំណងចូលទៅធ្វើការនៅខេត្តប៉ាថុមថានី (Pathum Thani) ខេត្តឈុនប៊ុរី (Chun Buri) និងខេត្តរ៉ៈយ៉ង(Ra Yong)។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់(CENTRAL)ប្រចាំប្រទេសថៃលោក លឹង សុផុន ឲ្យដឹងថា អំឡុងរយៈពេលប្រមាណ៧ខែក្នុងឆ្នាំ២០២២នេះ ពលរដ្ឋខ្មែរបានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃប្រមាណ២ពាន់នាក់(២.០០០) ដែលត្រូវក្រុមទាហានថៃតាមបណ្ដោយព្រំដែនចាប់បាន។ លោកលើកឡើងថា មូលហេតុដែលពលករខ្មែរឆ្លងដែននេះ ដោយសារពួកគេមានជីវភាពកាន់តែលំបាកទៅ រកប្រាក់ចំណូលមិនបានគ្រប់គ្រាន់ ទប់ទល់នឹងប្រាក់ចំណាយ ហើយពេលពួកគាត់ចង់ទៅប្រទេសថៃស្របច្បាប់ត្រូវបង់ថវិកាច្រើន ហើយបំពេញបែបបទប្រើពេលយូរ ទើបធ្វើឲ្យពួកគាត់ហ៊ានប្រថុយចូលទៅប្រទេសថៃទាំងគ្រោះថ្នាក់៖ «វាអាស្រ័យទៅខាងថៃ អឺ!អីចឹងណាបង ហើយណាមួយទៀត ទាល់តែខាងរដ្ឋាភិបាលថៃគេអនុលោមទៅ យើងក៏បានទៅ។ តែផ្ទុយទៅវិញ ខាងរដ្ឋាភិបាលខ្មែរយើង ហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពទេ ក្នុងវិធានការបែបសម្របសម្រួលឲ្យបងប្អូនពលករខ្មែរ ធ្វើយ៉ាងណាឲ្យពួកគាត់មានភាពងាយស្រួលក្នុងការឆ្លងដែនចូលមកថៃ ហើយក្នុងការគាត់ធ្វើឯកសារផ្សេងៗអីចឹងទៅណា៎»។

បច្ចុប្បន្នមានស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការគ្រប់គ្រងចំពោះពលករចំណាកស្រុក មានស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចុះទៅអប់រំដល់ពលករចំណាកស្រុកអំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ជូនពលករខ្មែរ ក៏ប៉ុន្តែនៅតែមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់លបឆ្លងដែនចូលទៅប្រទេសថៃដដែល ។ មន្ត្រីសង្គមស៊ីវិល យល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលខ្មែរគួរតែបង្កើនការងារនៅក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋរកប្រាក់ដោះស្រាយជីវភាព និងជួយរកទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យជូនដល់កសិករ៕

website_news/2022270705.txt · Last modified: 2022/07/27 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki