website_news:2022270902

ឥណ្ឌាស្វែងរកការជួយសង្គ្រោះយុវជន៦នាក់ដែលជាប់ក្នុងប្រទេសកម្ពុជា

https://www.khmertimeskh.com/501157127//?p=1157127 Khmer Times September 24, 2022

លោក Bandi Sanjay Kumar បានសរសេរលិខិតទៅកាន់ក្រសួងការបរទេស ដើម្បីសុំជួយសង្គ្រោះយុវជនចំនួន ៦ នាក់ ដែលជាប់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានល្បួងដោយក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមកពីប្រទេសចិន។ យុវជនទាំង៦នាក់ មកពីស្រុក Karimnagar បានទៅប្រទេសកម្ពុជា ដើម្បីស្វែងរកការងារ ដោយម្នាក់ៗបានបង់ប្រាក់ចំនួន ₹2 lakh ទៅក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅ Karimnagar ។ យុវជនទាំងនោះមានឈ្មោះ Nadeem, Siabaaz Khan, Saleem, Hajibaba, Sultan និង Sharukh Khan ត្រូវបានសម្យាផ្តល់ការងារជាប្រតិបត្តិករកុំព្យូទ័រ។ ប៉ុន្តែ ជាក់ស្តែងពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់។ នៅពេលដឹងអំពីស្ថានភាពរបស់ពួកគេ Sanjay ដែលជាសមាជិកសភាមកពី Karimnagar បានសរសេរទៅកាន់ក្រសួងការបរទេស ក៏ដូចជាស្ថានទូតឥណ្ឌា ដើម្បីសុំនាំពួកគេត្រឡប់ទៅប្រទេសឥណ្ឌាវិញ។ យុវជនទាំង៦នាក់នោះបានទៅប្រទេសកម្ពុជាតាមរយៈទិដ្ឋាការទេសចរណ៍។ ដើម្បីស្វែងរកការជួយសង្គ្រោះកូនៗ ឪពុកម្តាយរបស់យុវជនទាំងនោះក៏បានដាក់ពាក្យបណ្តឹងទៅស្នងការនគរបាល V. Satyanarayana កាលពីថ្ងៃទី១៩ ខែកញ្ញា។

នគរបាលបានកសាងសំណុំរឿងនិងកំពុងស៊ើបអង្កេត។ គេបានដឹងដែរថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅKarimnagar បានបញ្ជូនយុវជន១៦ នាក់មកប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នគរបាលកំពុងព្យាយាមស្វែងរកព័ត៌មានលម្អិតនៃយុវជនដែលនៅសេសសល់។ ខ្មែរថាមស៍ បានដឹងថា រហូតមកដល់ពេលនេះ ជនជាតិឥណ្ឌាជាង ៦០នាក់ ត្រូវបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ទៅប្រទេសឥណ្ឌាវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រជាជនឥណ្ឌាត្រូវបានគេកំណត់គោលដៅដោយសារមានជំនាញ IT ឬភាសារបស់ពួកគេ ខណៈដែល Modus Operandi នៃប្រតិបត្តិករបោកប្រាស់បានផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ លើសពីនេះ ក្រុមឆបោកកំពុងប្រមូលប្រាក់ជាមធ្យមចំនួន ៣,០០០ ដុល្លារសម្រាប់ជនជាតិឥណ្ឌាម្នាក់ៗដែលត្រូវបានជ្រើសរើសឲ្យធ្វើការងារដោយក្រុមបោកប្រាស់ទាំងនេះ។ ពួកគេថែមទាំងត្រូវបានផ្តល់សាច់ប្រាក់ចំនួន $១,០០០ ដើម្បីបង្ហាញជាភស្តុតាងដល់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មុនពេលឡើងយន្តហោះថាពួកគេមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរ។ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមាជិកក្រុមឆបោកកំណត់អត្តសញ្ញាណជនជាតិឥណ្ឌាបានយ៉ាងឆាប់រហ័ស ដែលជាធម្មតាពួកគេមកដល់ជាក្រុមមានគ្នាដល់ទៅ៦នាក់ លិខិតឆ្លងដែនរបស់ពួកគេត្រូវបានប្រមូល ហើយត្រូវបាននាំទៅកាន់គោលដៅផ្សេងៗ។

យោងតាមមន្រ្តីម្នាក់ ដែលជាសមាជិកក្នុងការបង្រ្កាបទីតាំងខុសច្បាប់ទាំងនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជឿថាអាចមានជនជាតិឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស រហូតដល់ទៅ៤០០ នាក់ដែលស្ថិតនៅក្នុងកណ្តាប់ដែក្រុមជនពាល ហើយពួកគេជាច្រើនក៏មានការស្ទាក់ស្ទើរក្នុងការចាកចេញពីកន្លែងទាំងនោះ ព្រោះពួកគេអាចរកប្រាក់ចំណូលបានច្រើនគួរសម ប្រសិនបើពួកគេអាចបំពេញតាមគោលដៅដែលបានដាក់អោយ ។ Deccan Chronicle/Khmer Times

website_news/2022270902.txt · Last modified: 2022/09/27 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki