website_news:2022271001

គណ:កម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារ នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែតុលា

https://www.information.gov.kh/articles/89777 APP ខេត្តសៀមរាប ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ.ខ.ប.ជ ចូលរួមផងដែរ។

បន្ទាប់ពីពិនិត្យលើរបាយការណ៍សកម្មភាពរយ:ពេល ៩ខែ ការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកទិសដៅការងារបន្ត របស់គណ:កម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សរួចមក លោកស្រីយូ សុភា បានមានប្រសាសន៍កោតសរសើរដល់ស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីបង្គោលនៃក្រុមការងារ និងសមាជិកនៃលេខាធិការដ្ឋាន (គ.ខ.ប.ជ) ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួយញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាកស្រុកមិនស្របច្បាប់ រហូតឈានដល់ការចាប់ខ្លួនមេខ្យល់ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់។

លោកស្រីប្រធាន ក៏បានបញ្ជាក់ដែរថា លេខាធិការដ្ឋាននៃគណ:កម្មាធិការ គ.ខ.ប.ជ ជាសេនាធិការ បានដើរតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព មន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។ លោកស្រី យូ សុភា បានបន្តថា ការងារដែលលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានអនុវត្តកន្លងគឺមានដូចជា៖ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ឧបាយកលជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ បានផ្ដល់ការយល់ដឹងដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់ និងការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមានការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញដូរ មនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសមានភាពល្អប្រសើរ។

លោកស្រីយូ សុភា បានណែនាំដល់មន្ត្រីបង្គោលនៃក្រុមការងារទាំងអស់របស់គណ:កម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក បន្តពិភាក្សា ដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្ត របស់គណ:កម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។ ហើយត្រូវបន្ត តាមដាន និងត្រួតពិនិត្យជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសេដ្ឋកិច្ច ពិសេសនៅតាមសហគ្រាសសិប្បកម្មឡឥដ្ឋ។

បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេសជាមួយមន្ទីរ អង្គភាព អង្គការដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការការពារ និងបង្ក្រាបដើម្បីឈានទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព. រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិក ក្រុង ស្រុក ទាំង១២ អ្នកពាក់ព័ន្ធ និងមន្ត្រីនគរបាលយុត្តិធម៌អំពីការកំណត់អត្តសញ្ញណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ហើយត្រូវជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ គ្រោងផែនការសកម្មភាព ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគ្រោងកញ្ចប់ថវិការសវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ត្រូវត្រៀមរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំដោយអយ្យសាលាដំបូងខេត្ត ព្រមទាំងបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយ:ការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យបានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀន និងក្រៅសាលារៀន និងជន ដែលងាយរងគ្រោះផងដែរ៕

website_news/2022271001.txt · Last modified: 2022/10/27 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki