website_news:2022271004

រថយន្តក្រឡាប់នៅស្រុកអារញ្ញ មានពលករខ្មែររបួសធ្ងន់ ៨ នាក់ និងស្លាប់ ១ នាក់

https://www.kampucheathmey.com/traffic/403148 ថ្ងៃពុធ ២៦ តុលា ២០២២ដោយ Inn Pisey

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានស្លាប់ភ្លាមៗ ក្នុងចំណោមពលករខ្មែររងរបួសធ្ងន់-ស្រាល ទាំង ៨ នាក់ បន្ទាប់ពីមានករណីក្រឡាប់រថយន្តមួយគ្រឿង ទៅក្នុងប្រឡាយ នាស្រុកអារញ្ញប្រាថេត។

យោងតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃបានបញ្ជាក់ថា កាលពីវេលាម៉ោង ៧ និង ៥០ នាទីយប់ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង នៅត្រង់ចំណុច បានខ្លងវួ ឃុំខ្លងថាប់ចាន់ថន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។ នៅក្នុងហេតុការណ៍នេះគេសង្កេតឃើញថា អ្នកបើកបររថយន្តដែលជាជនជាតិថៃ ត្រូវបានរថយន្តកៀបជាប់ ដែលតម្រូវឲ្យសមត្ថកិច្ចប្រើប្រាស់ឧបករណ៍ ដើម្បីកាត់តួរថយន្តយកមនុស្សចេញ ព្រមទាំងមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយឡែកអ្នកជិះខាងក្រោយចំនួន ៨ នាក់ សុទ្ធសឹងជាពលករខ្មែរបម្រុងចូលទៅធ្វើការក្នុងប្រទេសថៃ បានរបួសធ្ងន់ ៧ នាក់ និងស្លាប់មនុស្សប្រុសម្នាក់ ដោយសារតែក្បាលមានការប៉ះទង្គិចខ្លាំងបណ្ដាលឲ្យបែក។

សមត្ថកិច្ចបានអះអាងថា នេះគឺជាការលួចដឹកពលករខ្មែរខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាត ដូច្នេះត្រូវប្រើល្បឿនលឿន ក្នុងគោលបំណងគេចឲ្យផុតពីភ្នែកសមត្ថកិច្ច ហើយក៏មានការជ្រុលចង្កូតធ្លាក់ផ្លូវបែបនេះ។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញហើយ៕ សោ និយមរ័ត្ន

website_news/2022271004.txt · Last modified: 2022/10/27 09:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki