website_news:2022271201

អាជ្ញាធរខេត្តកំពង់ធំ ក្រើនរំលឹកឱ្យពលរដ្ឋប្រយ័ត្នចំពោះជនខិលខូច ជៀសវាសធ្លាក់ក្នុងអំពើជួញដូរមនុស្ស

https://m.freshnewsasia.com/index.php/en/localnews/271360-2022-12-26-09-39-17.html 2022-12-26 04:39pm

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព» រួមជាមួយការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលថ្មីៗរបស់ខិលខូច ជៀសវាសធ្លាក់ខ្លួនក្នុងអំពើជួញដូរមនុស្ស។

នៅចំពោះមុខអ្នកចូលរួមប្រមាណ៤០០នាក់នាពិធីនោះ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ការលុបបំបាត់អំពើជួញដូរមនុស្ស គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នចំពោះល្បិចកលថ្មីៗរបស់ជនល្មើសជួញដូរមនុស្ស។ លោកបានលើកឡើងថា ប្រជាជនមួយចំនួននៅតែមានបំណងចេញទៅរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាន មិនស្តាប់ការអប់រំណែនាំមិនតាមដានព័ត៌មានដែលមានប្រយោជន៍ តែបែរជាស្ដាប់និងជឿការអូសទាញភូតភរពីមេខ្យល់ ធ្វើឱ្យពួកគាត់ធ្លាក់ទៅក្នុងអំពើជួញដូរមនុស្ស និងខាតបង់យ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះ លោក ញ៉ឹក បានខេង បានជំរុញដល់ក្រុមការងារត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកបដោយការទទួលខុសត្រូវ ខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ដោយអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើថ្នាក់ខ្លួនជាមន្ត្រីល្អ សក្តិសមនឹងការជឿទុកចិត្តពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។ ត្រូវពង្រឹងនិងតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាឱ្យមានប្រសិទ្ធភាព។ លោកបានបន្តថា សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវព្រងើយកន្តើយ ឬគាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាននិងដាក់ទោសជនល្មើសឱ្យសក្តិសមនឹងអំពើដែលបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម។

លើសពីនេះ លោកបានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធខិតខំផ្សព្វផ្សាយអប់រំតាមសាលារៀន តាមវេទិកាសហគមន៍នានា ជាពិសេសក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យយល់ដឹងពីផលប៉ះពាល់នៃការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្រ្តី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ៕

website_news/2022271201.txt · Last modified: 2022/12/27 08:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki