website_news:2022280103

មន្ត្រីច្រកព្រំដែនមិនប្រហែស ក្នុងការឆែកសុខភាពពលករខ្មែរវិលមកពីថៃ មុនបុណ្យចូលឆ្នាំចិន

https://btv.com.kh/ 01/26/2022 04:01 PM

បាត់ដំបង៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ពលករខ្មែរ បាននាំវិលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបាត់ដំបង ជាបន្តបន្ទាប់ ខណៈវិធានការសុខាភិបាល ត្រូវបានរឹតបន្តឹងនៅតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឱ្យដឹងថា មន្រ្តីប្រចាំការ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់នៅតាមច្រកព្រំដែន កំពុងបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ពុំមានការធ្វេសប្រហែសឡើយ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជា។ អភិបាលស្រុកកំរៀង ឱ្យដឹងបន្ថែមថា ការវិលត្រឡប់របស់ពលករ គឺមិនទៀងទាត់ឡើយ ពោលគឺថ្ងៃខ្លះមក ចំណែកថ្ងៃខ្លះអត់ ប៉ុន្តែពលករទាំងអស់ដែលចូលមកត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័សរកមេរោគកូវីដ-១៩ នៅចំណុចព្រំដែន។ លោក សុខ គឹមខុន បានឱ្យដឹងថា នៅដើមឆ្នាំ២០២២នេះ ពលករខ្មែរ បានចូលទៅធ្វើការដោយ ស្របច្បាប់នៅប្រទេសថៃជាបន្តបន្ទាប់ តាមរយៈការធានាពីថៅកែជាជនជាតិថៃ និងកំណត់កាលបរិច្ឆេទធ្វើដំណើរដោយជាក់លាក់។

ពលករខ្មែរ ដែលអាចចូលទៅធ្វើការនៅប្រទេសថៃ បានត្រូវមានលិខិតធ្វើដំណើរឆ្លងដែន ដែល ចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែលចេញដោយក្រសួងការងារ និងតម្រូវឱ្យពលករភ្ជាប់ជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា បានធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ-១៩ (RT-PCR/RTK) មិនឱ្យលើស ៧២ម៉ោង និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំងយ៉ាងតិច២លើក៕អត្ថបទ៖ នឿត សុភ័ក្ត្រ

website_news/2022280103.txt · Last modified: 2022/01/28 13:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki