website_news:2022280105

ក្នុងរយៈពេលកន្លះខែនៃខែមករា មានពលករចំនួន ៥៣៣ នាក់ បានវិលត្រឡប់មកពីថៃតាមស្រុកកំរៀង

https://www.postkhmer.com/ គឹម សារុំ | Publication date 27 January 2022 | 19:30 ICT

បាត់ដំបងៈ គិតចាប់ពីដើមខែមករា ដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២២ មានពលករខ្មែរចំនួន ៥៣៣ នាក់ (ក្មេង ៥៩ នាក់) បានវិលត្រឡប់មកពីប្រទេសថៃ តាមស្រុកកំរៀង ក្នុងនោះមានក្មេង និងមនុស្សពេញវ័យចំនួន ១០១ នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោក វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ ៨១៩ ការពារព្រំដែន ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៧ មករា ថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០២១ ដល់ខែ មករា ឆ្នាំ២០២២ ចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃ ដោយស័គ្រចិត្តគឺមានចំនួនខ្ទង់ពាន់នាក់ហើយ។ ប៉ុន្តែបើគិតតែស្រុកកំរៀងតែមួយស្រុក និងគិតពីដើមខែ មករា ដល់ពាក់កណ្តាលខែ មករាឆ្នាំ ២០២២ នេះចំនួនពលករ ប្រុសស្រី និងក្មេងៗជាកូនពលករ មកពីប្រទេសថៃ មានចំនួន៥៣៣នាក់(ក្មេង៥៩នាក់)។ ក្នុងចំណោម៥៣៣នាក់នេះ មានពលករប្រុសស្រីចំនួន១០១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

លោកថ្លែងថា៖«និយាយរួមទៅ ពាក់ព័ន្ធប្រជាពលរដ្ឋយើង គាត់មកពីថៃ គឺអ្នកខ្លះ គាត់ចាក់វ៉ាក់សាំងបានតែ១ដូស និងអ្នកខ្លះទៀត បានដល់ដូសទី២។ គាត់បានចាក់វ៉ាក់ការពារជំងឺកូវីដទាំងអស់គ្នាហើយ តែមិនបានគ្រប់ដូស។ តែចំពោះបងប្អូនដែលមកដល់ព្រំដែន គឺយើងធ្វើតេស្តរហ័ស។ បើមានការសង្ស័យ គឺយើងបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុនអនុញ្ញាតឱ្យគាត់ត្រឡប់ទៅលំនៅឋានវិញ»។

ដោយឡែកចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ គឺត្រូវបានអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានវិញ។ លោកបញ្ជាក់ថា៖«ចាប់តាំងពីសម័យកូវីដមកនេះ គឺកម្លាំងរបស់ខ្ញុំ មានការមមាញឹកច្រើន ដើម្បីការពារពួកគាត់កុំឱ្យពួកគាត់ វិលត្រឡប់មកវិញសុខច្បាប់ និងម៉្យាងទប់ស្កាត់ពលករយើង លួចឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ផង។ តែជំនាន់កូវីដផ្ទុះខ្លាំង គឺអត់មានអ្នកលួចឆ្លងដែនទៅថៃទេ»។ បើតាមលោក ម៉ង់ ស៊ី បញ្ហានេះដោយសារថា ប្រជាពលរដ្ឋយល់ដឹងអំពីផ្លូវច្បាប់ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់។ ដូច្នេះ ពួកគាត់មិនសូវលួចឆ្លងដែនទៅប្រទេសថៃទេ។ តែបើមានការលួចឆ្លងដែនខុសច្បាប់ណាមួយវិញគឺកម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការទប់ស្កាត់បានទាន់ពេល ហើយធ្វើការអប់រំដល់ពលករឱ្យត្រឡប់ទៅលំនៅឋានវិញ។ ការងារនេះគឺដោយសារមានការសហការគ្នាជាមួយភាគីថៃ ហើយថៃក៏សហការជាមួយកម្លាំងរបស់លោកដែរ។

ពាក់ព័ន្ធនឹងមេខ្យល់លួចនាំពលករឆ្លងដែនវិញ ត្រូវបានលោកស្រី រស់ ជីវី ស្នងការរង ទទួលបន្ទុកផែនការងារ ប្រឆាំងការជួញដូរមនុស្ស ខេត្ត បាត់ដំបង ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៧ មករា ថា ចំពោះបទល្មើសលួចនាំពលករឆ្លងដែនទៅប្រទេសថៃ ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ ២០២២នេះ គឺមានការថយចុះ។ លោកស្រីបញ្ជាក់ថា៖«មូលហេតុមកពីកម្លាំងជំនាញពាក់ព័ន្ធ មានការទប់ស្កាត់ខ្លាំង និងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ បានយល់ពីផលលំបាក នៃការចំណាកស្រុកខុសច្បាប់។ ម្យ៉ាងទៀតពួកគាត់ខ្លាចរអានឹងការឆ្លងជំងឺកូវីដផង»៕

website_news/2022280105.txt · Last modified: 2022/01/28 13:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki