website_news:2022280107

ពលករកម្ពុជាក្រោម MoU នឹងទៅដល់ថៃសប្តាហ៍ក្រោយ

https://www.khmertimeskh.com/ ខ្មែរថាមស៍ 28/01/2022

ពលករចំណាកស្រុកកម្ពុជាចំនួន ២២៦នាក់ ដែលទទួលបានការងារក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មី (MoU) ស្តីពីកិច្ចសហប្រតិបត្តិការការងាររវាងរដ្ឋាភិបាលថៃ និងកម្ពុជា នឹងមកដល់ថៃនៅថ្ងៃអង្គារនេះ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានចុះហត្ថលេខាលើ MoU ជាមួយប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ាកាលពីខែធ្នូ ឆ្នាំមុន ដើម្បីធានាឱ្យមានតុល្យភាពល្អ រវាងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង ការឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ពលករចំណាកស្រុក។លោកបានបន្តថា ពលករខ្មែរទាំងនេះ ចូលប្រទេសថៃ តាមសំណើរបស់និយោជកនៅខេត្តឈុនបុរី និង អយុធ្យា។ ក្នុងនោះ ពលករសរុបចំនួន ២២០ នាក់ នឹងត្រូវបញ្ជូនទៅខេត្តចាន់បុរី ហើយ ពលករចំនួន ៦ នាក់ទៀត នឹងត្រូវបញ្ជូនទៅខេត្តអយុធ្យា។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលមកដល់ប្រទេសថៃតាមរយៈច្រកត្រួតពិនិត្យអន្តោប្រវេសន៍ក្នុងខេត្តស្រះកែវ ពលករទាំងនេះ នឹងត្រូវចំណាយពេលប្រាំពីរថ្ងៃ ស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក តាមតម្រូវការក្រោមពិធីសារត្រួតពិនិត្យស្តង់ដារស្វែងរកវីរុសកូវីដ-១៩។

លោក Pairoj Chotikasathien អគ្គនាយកនៃនាយកដ្ឋានការងារ បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កនេះ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ មានបន្ទប់ចំនួន ២០០ ដែលអាចទទួលមនុស្សបានដល់ទៅ ៥០០ នាក់។ លោកបានបន្តថា សេវាកម្មនេះមានតម្លៃ ៨៥០០បាតក្នុងមនុស្សម្នាក់ រួមទាំងអាហារបីពេលក្នុងមួយថ្ងៃ និងសេវាផ្ទេរប្រាក់ពីប៉ុស្តិ៍ត្រួតពិនិត្យទៅកាន់មណ្ឌលផងដែរ។ ពលករទាំងអស់នេះ ត្រូវតែទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរដង មុនពេលពួកគេចាកចេញពីប្រទេសកម្ពុជា។ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ពួកគេនឹងទទួលការចាក់វ៉ាក់សាំង ក្នុងពេលស្នាក់នៅមណ្ឌលនោះ។ ដោយឡែក ពលករចំណាកស្រុកថ្មីទាំងនេះ រួមជាមួយនឹងអ្នកដែលពីមុនចូលមកថៃដោយខុសច្បាប់ ហើយ ក្រោយមក ត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះធ្វើការដោយស្របច្បាប់ នឹងចាប់ផ្តើមធ្វើការចាប់ពីថ្ងៃទី១៣ ខែកុម្ភៈខាងមុខនេះ៕

website_news/2022280107.txt · Last modified: 2022/01/28 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki