website_news:2022280203

ជនជាតិថៃរហូតដល់ ១២០០ នាក់ ត្រូវបានជួយសង្គ្រោះពីក្រុមឆបោកតាមទូរស័ព្ទនៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times February 25, 2022

អ្នកនាំពាក្យក្រសួង លោក Tanee Sangrat បានមានប្រសាសន៍ថា ក្រសួងការបរទេសបានជួយសង្គ្រោះជនជាតិថៃយ៉ាងតិច ១,២០០នាក់ ដែលត្រូវបានគេបញ្ចុះបញ្ចូលឱ្យធ្វើការដោយខុសច្បាប់នៅកម្ពុជា។ តាំងពីឆ្នាំមុនមក ស្ថានទូតថៃនៅភ្នំពេញបានទទួលសារស្វែងរកជំនួយពីជនជាតិថៃប្រមាណ ១,៥០០ នាក់ ដែលត្រូវបានគេបោកបញ្ឆោតអោយចូលធ្វើការដោយខុសច្បាប់ដោយក្រុមឆបោកតាមទូរស័ព្ទ (Call Center gangs) នៅកម្ពុជា។

រហូតមកដល់ពេលនេះ មនុស្ស១,២០០នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសថៃវិញហើយ ។ ពួកគេភាគច្រើនជាយុវជនក្រោមសម្ពាធក្នុងការស្វែងរកការងារ ចំពេលមានសេដ្ឋកិច្ចធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាត។

លោក Tanee បានមានប្រសាសន៍ថា ស្ថានទូតនៅតែទទួលបានសារជូនដំណឹងរបស់បុគ្គលិកអំពីករណីផ្សេងទៀត។ យោងតាមជនរងគ្រោះ ពួកគេបានឃើញការផ្សាយរកការងារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសន្យាថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់។ ក្រោយពីបានដាក់ពាក្យធ្វើការក្នុងមុខតំណែងរួចហើយ ពួកគេត្រូវបានរៀបចំឱ្យឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា ដោយនាំយកទៅកន្លែងធ្វើការ។ នៅក្នុងតួនាទីថ្មីរបស់ពួកគេ មនុស្សជាច្រើនត្រូវបានគេដាក់ឱ្យធ្វើការជាអ្នកគ្រប់គ្រងគេហទំព័រ និងប្រតិបត្តិករទូរស័ព្ទដែលហៅទៅមនុស្សនៅក្នុងប្រទេសថៃ ក្នុងគោលបំណងបោកប្រាស់ពួកគេដើម្បីផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់ក្រុមឆបោក។ អ្នកខ្លះក៏បានធ្វើការដើម្បីបញ្ចុះបញ្ចូលមនុស្សឱ្យចូលរួមក្នុងសកម្មភាពលេងល្បែងអនឡាញផងដែរ។

ប្រសិនបើបុគ្គលិកមិនបានបំពេញការងារបានល្អ ពួកគេនឹងត្រូវផ្លាស់ទៅផ្នែកក្រុមឧក្រិដ្ឋជនផ្សេងទៀត។ បើសិនជាគេចាប់បានអ្នកព្យាយាមរត់គេច ពួកគេនឹងត្រូវគេគំរាមកំហែង ហើយត្រូវសងបំណុលគេទាំងអស់ ដែលពួកគេបានជំពាក់ក្រុមឧក្រិដ្ឋជនដែលនាំពួកគេមកធ្វើការនៅកម្ពុជា។ ស្ថានទូតបានទាក់ទងនគរបាលកម្ពុជាដែលជួយសង្គ្រោះជនជាតិថៃពីក្រុមជនពាលទាំងនោះ។ លោក Tanee បានកើនរំលឹកប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការផ្សាយពាណិជ្ជកម្មការងារដែលមានការសន្យាផ្តល់ប្រាក់ខែខ្ពស់ខុសប្រក្រតី។ ប្រភពៈ Bangkokpost

website_news/2022280203.txt · Last modified: 2022/03/01 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki