website_news:2022280204

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ណែនាំដល់ពលទាហាន បន្តទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន

https://news.btv.com.kh/ 02/25/2022 02:02 PM

បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់ពលទាហាន ត្រូវបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំបែបនេះ ក្នុងឱកាសទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលកំពុងឈរជើងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ។ ក្នុងនោះ ក៏មានការចូលរួមពីអាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ នគរបាលព្រំដែនគោកលេខ៨១៥ តំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។ ជាមួយគ្នាឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕

website_news/2022280204.txt · Last modified: 2022/03/01 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki