website_news:2022280205

កម្ពុជាស្នើថៃបន្តផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ទាន់ពេលវេលា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៥ កុម្ភៈ ២០២២ដោយ KC Virak

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានមានប្រសាសន៍ថា ការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកបានទាន់ពេលវេលាក៏អាចឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបណ្តាញមេខ្យល់ដែលលួចលាក់នាំជនបរទេសឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយផងដែរ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក Surasak សេនានុព័ន្ធនគរបាលប្រចាំស្ថានទូតថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯក Surasak បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកន្លងមកបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជួយសង្គ្រោះជនជាតិថៃដែលរងគ្រោះ និងសម្រួលបែបបទ នីតិវិធីក្នុងការបញ្ជូនត្រឡប់ទៅប្រទេសថៃវិញប្រកបដោយសុវត្ថិភាព។ លោកបានបញ្ជាក់អំពីជំហររបស់សេនានុព័ន្ធ នគរបាលប្រចាំស្ថានទូតថៃ ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការតាមគ្រប់រូបភាពជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាពេលខាងមុខ។

ឆ្លើយតបនឹងការលើកឡើងខាងលើ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានស្វាគមន៍ចំពោះការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងស្នើភាគីថៃបន្តផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក សំដៅទប់ស្កាត់និងបង្ក្រាប ទាន់ពេលវេលារាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសឈានដល់ការបង្ក្រាប និងឃាត់ខ្លួនបណ្តាញមេខ្យល់ ដែលលួចលាក់នាំជនបរទេសឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ។ ក្នុងជំនួបខាងលើ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតថៃ លើការងារអនុវត្តច្បាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ ជាពិសេសការពារនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ បានរៀបចំតាមនីតិវិធីបណ្ដេញចេញជនបរទេសល្មើសច្បាប់ពីកម្ពុជាមានចំនួន ៣ ៥៩៤ នាក់ មាន ៤៣សញ្ជាតិដែលក្នុងនោះមានជនជាតិថៃចំនួនច្រើនជាងគេគឺ ២ ៨៩៩ នាក់ បន្ទាប់មកជនជាតិចិនមានចំនួន ២៦៦ នាក់ វៀតណាម ១៩៤នាក់ នីហ្សេរីយ៉ា ១០១នាក់ ឥណ្ឌូនេស៊ី ១៩នាក់ ហ្វីលីពីន ១៦នាក់ ម៉ាឡេស៊ី ៧នាក់ និង ៣៦ សញ្ជាតិទៀតមានចាប់តាំងពីម្នាក់រហូតដល់ទៅចំនួន៦នាក់។ បើគិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០១៤ មករហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ២០ ៨២៤ នាក់ មានចំនួន ១០៧សញ្ជាតិ៕ អត្ថបទ៖ សំអឿន

website_news/2022280205.txt · Last modified: 2022/03/01 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki