website_news:2022280206

ទំហំថវិកា ៣ពាន់លានដុល្លារ បានហូរចូលកម្ពុជា តាមរយៈពលករខ្មែរ ក្នុង១ឆ្នាំៗ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៥ កុម្ភៈ ២០២២ដោយ Sophal Tuon

ពលករខ្មែរជាង ១លាននាក់ បាននិងកំពុងបម្រើការងារតាមវិស័យផ្សេងគ្នា នៅក្រៅប្រទេស។ ក្នុង១ឆ្នាំៗ ពួកគេបានផ្ញើថវិកា ជូនគ្រួសារនៅកម្ពុជា រាប់ពាន់ដុល្លារ ក្នុងម្នាក់ ដើម្បីសម្រួលជីវភាពសាច់ញាតិដែលរស់នៅស្រុកខ្មែរ។ ជាក់ស្តែង នៅឆ្នាំ ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប៉ាន់ស្មានពីប្រាក់បញ្ញើដែលពលករ បានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ប្រហែល ៣ពាន់លានដុល្លារអាមេរិក។ តាមរយៈរបាយការណ៍បូកសរុបការងារ របស់ក្រសួងការងារ នៅថ្ងៃទី ២៥ ខែកុម្ភៈ បានបង្ហាញថា ចំណូលរបស់ពលករខ្មែរនេះ បានរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ ក៏កាន់តែប្រសើរឡើង។ លើសពីនេះទៀត របាយការណ៍ដដែល បានឲ្យដឹងថា ទំហំថវិកាដែលហូរចូលនេះ បានបន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍បងប្អូនពលករទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរ កំពុងបម្រើការងារនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩នាក់ ក្នុងនោះ ប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ នៅកូរ៉េចំនួន ៤៥ ៨៦៦នាក់ ម៉ាឡេស៊ី ២៣ ០២៧នាក់ ជប៉ុន ១១ ៤៥៣នាក់ សិង្ហបុរី ៨២១នាក់ ហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ចំនួន ៤៣នាក់។ នេះបើតាមរបាយការណ៍ក្រសួងការងារ៕ អត្ថបទ៖ ទួន សុផល

website_news/2022280206.txt · Last modified: 2022/03/01 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki