website_news:2022280207

កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ក្នុងបរិបទកូវីដ-១៩ របស់ គ.ខ.ប.ជ

https://form.digitalsky.com.kh/ 2022-02-25 03:32 PMអត្ថបទ៖ PK

(ស្វាយរៀង)៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ក្នុងបរិបទកូវីដ-១៩ របស់ គ.ខ.ប.ជ ដែរពិធីនេះប្រារព្ធធ្វើឡើងក្នុងសាលាខេត្តស្វាយរៀង។ លោកជំទាវ ឯក សុវណ្ណភារៈ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក-លោកស្រី ថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងគ្រប់ប្រភេទ ព្រមទាំងលេខការដ្ឋាន គ.ជ.ប.ជ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គដើម្បីធ្វើឲ្យសម្រេចកិច្ចការជាច្រើនគួរជាទីមោទនៈ ។ ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏នៅក្នុងឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញដូរមនុស្សខេត្តស្វាយរៀង បានសម្រេចនូវសកម្មភាពធំៗជាច្រើនផងដែរ ។

លោកជំទាវ ឯក សុវណ្ណភារៈ បានមានប្រសាសន៍បន្តទៀតថា: កិច្ចប្រជុំនៅថ្ងៃនេះគឺជាសមិទ្ធផលមួយដែលស្ដែងឲ្យឃើញនូវការយកចិត្តទុកដាក់ អនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចខំប្រឹងប្រែងសហការរួមគ្នា ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិ អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព ទៅលើមនុស្សទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ ។ លោកជំទាវក៏បានបន្តទៀតថា: គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្តធ្វើឲ្យកាន់តែសកម្ម និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៩-ឆ្នាំ២០២៣ ឱ្យបានសម្រេចតាមគោលដៅដែលគ្រោងទុក។ យើងត្រូវការ ការចូលរួមពីក្រសួងស្ថាប័ន ជាសមាជិកក៏ជាដៃគូអភិវឌ្ឍសង្គមស៊ីវិល និងវិស័យឯកជនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកិច្ចសហការល្អជាមួយប្រទេសពាក់ព័ន្ធនៅក្នុងតំបន់ និងក្នុងពិភពលោក ។

លោកជំទាវ ក៏សូមអំពាវនាវដល់ភាគីប្រទេសជាមិត្តទាំងអស់ សូមមេត្តាចូលរួមសហការជួយជ្រោងជ្រែងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងសូមអំពាវនាវនិងលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន មន្ទីរអង្គភាព និងថ្នាក់ជាតិថ្នាក់ក្រោមជាតិ សូមពង្រឹងការអនុវត្តសកម្មភាពតាមយុទ្ធសាស្ត្រដែលបានចែងក្នុងផែនការជាតិ ឲ្យបានកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត និងសូមអំពាវនាវដល់គណៈកម្មការថ្នាក់ក្រោមជាតិ សូមបន្តរៀបចំយុទ្ធការ នៃទិវាជាតិ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សនេះឲ្យបានផុសផុល សម្រាប់ជាមធ្យោបាយបំផុសការយល់ដឹងដល់ថ្នាក់ដឹកនាំអាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល គ្រប់កាយនិកាយសាសនា និងភាគីពាក់ព័ន្ធទាំងអស់ អំពីអំពើជួញដូរមនុស្សឲ្យ “រួមសហការគ្នាបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស” ៕

website_news/2022280207.txt · Last modified: 2022/03/01 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki