website_news:2022280302

លោកជំទាវ ជូ ប៊ុនអេង ៖ បណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

https://cen.com.kh/ Posted ByPen Srey NeatMarch 25, 2022

ខេត្តកោះកុង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តកោះកុង ដោយមានកិច្ចសហការ ជាមួយអង្គការ អាស៊ានអាក់ (Asian Act) នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ ។ វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានធ្វើសេចក្តីរាយការណ៍ខ្លី ស្តីអំពីស្ថានភាពរបស់រដ្ឋបាលខេត្តកោះកុង ។ លោកជំទាវ អភិបាលខេត្តបានថ្លែងបញ្ជាក់បន្ថែម វត្តមានរបស់លោក លោកស្រី ពិតជាបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ជាមួយមន្ត្រីអនុវត្តផ្ទាល់នៅថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងនៅតាមមូលដ្ឋាន ដើម្បីអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយគឺដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ ។

អញ្ជើញមានមតិចាប់អារម្មណ៍ ក្នុងពិធីបើកវគ្គនេះលោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដែលប្រកាស ដាក់ឲប្រើប្រាស់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវា ជាក់លាក់ ។ ម្យ៉ាងទៀតវគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃនេះ នឹងផ្តល់ឱ្យលោក លោកស្រី ដែលជាសិក្ខាកាម មានការយល់ដឹងកាន់តែច្បាស់អំពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយ អំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប” ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលខាងមុខកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល និងសំនូមពរសិក្ខាកាមទាំងអស់ ចូលរួមផ្តល់មតិយោបល់ ឲ្យបានផុលផុសទៅលើខ្លឹមសារនៃមេរៀនគោលការណ៍ណែនាំនេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022280302.txt · Last modified: 2022/03/28 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki