website_news:2022280303

ពលករខ្មែរប្រមាណ ៣០០ ទៅ ៥០០ នាក់ ក្នុង ១ ថ្ងៃ បានធ្វើដំណើរចូលតាមច្រកព្រំដែនអូរស្មាច់ មកលេងបុណ្យចូលឆ្នាំ

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៥ មីនា ២០២២ដោយ deth leng

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា បច្ចុប្បមានពលករខ្មែរ ដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសថៃប្រមាណ ៣០០ នាក់ ទៅ ៥០០ នាក់ បានធ្វើដំណើរមកលេងស្រុក។ បងប្អូនពលករបាននាំគ្នាសម្រុកចេញពីប្រទសថៃចូលតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យដើម្បីមកលេងស្រុក និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នៅពាក់កណ្តាលខែក្រោយនេះ។ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបន្តថា ចាប់តាំងពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះចំនួនបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់មានការកើនឡើងជាបន្តបន្ទាប់ដោយក្នុង១ថ្ងៃ គិតជាមធ្យមមានប្រមាណ៣០០នាក់ និងមានថ្ងៃខ្លះកើនឡើងដល់៥០០នាក់ ក៏មានដែរ។ លោកបានបន្តទៀតថា ការសម្រុកធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជារបស់បងប្អូនពលករខ្មែរនេះគឺដោយសារពួកគាត់នឹករលឹកស្រុកកំណើត ដែលពួកគាត់ខកខានមកលេងរយៈពេល២ឆ្នាំមកហើយ និងមួយទៀតដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខផងដែរ ព្រោះរដ្ឋាភិបាលបានផ្អាកប្រារព្វពិធីនេះ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបន្ថែមទៀតថាបច្ចុប្បន្ននេះតាមការណែនាំរបស់ក្រសួងសុខាភិបាលពលករខ្មែរធ្វើដំណើរមកពីថៃ ដែលបានចាក់វ៉ាក់សាំងបានចំនួន២ដូសហើយមិនត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ទៀតទេនិងតម្រូវឱ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតតែម្តង។ ប៉ុន្តែចំពោះពលករណាដែលចាក់វ៉ាក់សាំងមិនបានគ្រប់ដូសឬមិនទាន់បានចាក់វ៉ាក់សាំងត្រូវអនុវត្តតាមគោលការណ៍ដដែលគឺត្រូវធ្វើតេស្តរកជំងឺកូវីដ១៩។អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានបញ្ជាក់ថា បើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃតែបើលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ត្រូវបញ្ជួនទៅព្យាបាលខណៈបច្ចុប្បន្នមានពលករកំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កនៅពហុកីឡដ្ឋានក្រុងសំរោង និងកន្លែងព្យាបាលនៅស្រុកអន្លងវែងមានប្រមាណ៣៦១នាក់៕ អត្ថបទ៖ សំអឿន

website_news/2022280303.txt · Last modified: 2022/03/28 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki