website_news:2022280304

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលទាំងស្រុងនូវ ខ្លឹមសារសម្ភាសន៍របស់ភរិយាលោក រ៉ាត់ រ័ត្នមុន្នី ដែលញុះញុងឲ្យមានការរើសអើង និងមួលបង្កាច់រដ្ឋាភិបាល

http://freshnewsasia.com/ 2022-03-26 10:05am

(ភ្នំពេញ)៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានច្រានចោលទាំងស្រុងនូវ ខ្លឹមសារសម្ភាសន៍របស់ភរិយាលោក រ៉ាត់ រ័ត្នមុន្នី តាមវិទ្យុបរទេសមួយ ដែលបានវាយប្រហារតាម បែបអគតិបង្ករការញុះញង់ឲ្យមានការរើសអើង និងមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា ខ្លឹមសារសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាការបញ្ចេញកំហឹងសងសឹកទាំងងងិតងងុល ពិសេសការពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត ព្រោះថាបើសម្តីទាំងនេះជាការពិតនោះ ម្ល៉េះសមស្តី ឡុង គឹមហ៊ាង និងស្វាមីឈ្មោះ រ៉ាត់ រ័ត្នមុន្នី មិនអាចមានសេរីភាពចាកចេញពីប្រទេសកម្ពុជាបានឡើយ។

សេចក្តីប្រកាសរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានធ្វើការផ្សព្វផ្សាយកិច្ចសម្ភាសជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ដែលមានខ្លឹមសារវាយប្រហារតាម បែបអគតិបង្ករការញុះញុងឲ្យមានការរើសអើង និងមួលបង្កាច់ការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កិត្យានុភាព និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ជូនសាធារណៈមតិជាតិ-អន្តរជាតិ បានជ្រាបថា៖ ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាភរិយារបស់ឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដែលបុរសរូបនេះ ធ្លាប់បានធ្វើសកម្មភាពលួងលោមជនរងគ្រោះ០២នាក់ម្តាយ និងកូនស្រី ឲ្យថតជាខ្សែរវីដេអូឯកសារ ដោយកុហកថា ជាខ្សែវីដេអូ និយាយអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ។ ប៉ុន្តែតាមការពិតខ្សែរវីដេអូដែលថតនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម មានចំណងជើងថា «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ ផ្អែកតាមបណ្តឹងជនរងគ្រោះ០២នាក់ម្តាយ និងកូនស្រី សមត្ថកិច្ចបានបើកការស្រាវជ្រាវស៊ើបអង្កេត ដោយប្រមូលភស្តុតាងជាច្រើន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាចាប់ខ្លួន និងបើកសវនការផ្ដន្ទាទោសបុរសឈ្មោះ រ៉ាត់ រ័ត្នមុន្នី ដាក់ពន្ធនាគារកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កំណត់រយៈពេល ០២ឆ្នាំ ពីបទ «ញុះញង់ឲ្យមានការរើសអើង»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា ក្នុងអំឡុងពេលស្រាវជ្រាវចាប់ខ្លួន និងអនុវត្តទោសលើបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី នោះស្ត្រីឈ្មោះ ឡុង គឹមហ៊ាង ត្រូវជាភរិយាគ្មានវត្តមានក្នុងប្រទេសកម្ពុជាឡើយ។ ដោយឡែកតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានជនឈ្មោះ រ៉ាត់ រ័ត្នមុន្នី នេះបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅក្រៅប្រទេសបន្ទាប់ពីអនុវត្តទោសរួច។ ការផ្តល់កិច្ចសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់មតិ ជាតិ-អន្តរជាតិ ឲ្យមានការយល់ច្រលំចំពោះនយោបាយគ្រប់គ្រង ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញអំពីសារជាតិពុតត្បុត ញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការគាំទ្ររាជរដ្ឋាភិបាល។ ចំពោះការផ្តន្ទាទោសបុគ្គលឈ្មោះ រ៉ាត់ រ័ត្នមុន្នី គឺជាការអនុវត្តនូវគោលការណ៍ច្បាប់នៃប្រទេស នីតិរដ្ឋ ព្រោះបុគ្គលរូបនេះបានប្រព្រឹត្តល្មើសទៅនឹងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

«ដូច្នេះខ្លឹមសារសម្ភាសន៍របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង គឺជាការបញ្ចេញកំហឹងសងសឹកទាំងងងិតងងុល ពិសេសការពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត ព្រោះថាបើសម្តីទាំងនេះជាការពិតនោះ ម្ល៉េះសមស្តី ឡុង គឹមហ៊ាង និងស្វាមីឈ្មោះ រ៉ាត់ រ័ត្នមុន្នី មិនអាចមានសេរីភាពចាកចេញពីប្រទេសកម្ពុជាបានឡើយ»។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបដិសេធច្រានចោលទាំងស្រុងនូវ ខ្លឹមសារសម្ភាសន៍រវាងវិទ្យុបរទេសនិយាយភាសាខ្មែរជាមួយស្ត្រីឈ្មោះ ឡុង គឹមហ៊ាង និងចាត់ទុកថា កិច្ច សម្ភាសន៍នេះ គឺជាការរៀបចំវេទិកាក្នុងគោលបំណងទុច្ចរិត បង្កើតឲ្យមានការភាន់ច្រលំ និងញុះញង់បង្កឲ្យ មានការរើសអើងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងបំណងកេងចំណេញនយោបាយ និងបង្ករអស្ថិរភាពក្នុង ប្រទេសកម្ពុជា។ តាមរយៈការបំភ្លឺជូនខាងលើ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមថា សាធារណជនក៏ដូចជាសាធារណៈមតិជាតិ-អន្តរជាតិ ធ្វើការពិចារណាចំពោះហេតុផល និងវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយពុំមានការភ័ន្តច្រលំ ជឿលង់ តាមខ្លឹមសារមួលបង្កាច់បែបអគតិ ដែលស្ត្រីឈ្មោះ ឡុង គឹមហ៊ាង បានសម្ភាសន៍នោះឡើយ៕

website_news/2022280304.txt · Last modified: 2022/03/28 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki