website_news:2022280401

ពលករ៧៤នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនមកសួរនាំ

http://nokorwatnews.com/ 26/04/2022

ខេត្តបន្ទាយមានជ័យ ៖ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ទប់ស្កាត់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់០២ករណីសរុបចំនួន៧៤នាក់ ។ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញបទបញ្ជាដល់វរសេនាតូចនគរបាលការពារព្រំដែន យកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាបបទល្មើសតាមព្រំដែន និងការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរ ក្នុងបរិបទយុទ្ធការប្រយុទ្ធប្រឆាំងការដាលរាលជម្ងឺកូវីដ-១៩។ នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនអូរសាយ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន៦៥នាក់ នៅចំណុច ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក និងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រកម្លាំងនគរបាលប៉ុស្តិ៍អូរសាយ ទប់ស្កាត់បានចំនួន០៩នាក់ បន្ថែមទៀត សរុបចំនួន៧៤នាក់ ស្រី៣០នាក់។ លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ចាក់ថា៖ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលយើងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំផ្លូវ តែពុំទទួលបានលទ្ធផលនោះទេពួកគាត់ពុំមានមេខ្យល់នាំផ្លូវនោះឡើយ ។ក្រោយពីធ្វើការសួរនាំរួច នៅវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនពួកគាត់ទៅឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ៕

website_news/2022280401.txt · Last modified: 2022/04/28 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki