website_news:2022280405

បើទោះបីខាងកម្ពុជា ប្រឹងទប់ស្កាត់យ៉ាងណាក៏នៅមានពលរដ្ឋខ្មែរលួចឆ្លងដែនបានត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

https://gdlf-kh.com/ 2022/04/26/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ នៅវេលាម៉ោង ០៤៖០០នាទីទៀបភ្លឺ ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ យើងបានទទួលព័ត៌មានថាមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួន ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្ដិ៍ ចុះពិនិត្យដល់អូរព្រំដែននៅកន្លែងដែលប្រជាពលរដ្ឋទាំងនោះលួចឆ្លងដែន រួចបានធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានទៅទាហានព្រាន(ឈុតខ្មៅថៃ) កងអនុសេនាធំលេខ១៣-០៥ ដែលឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់សហការជួយទប់ស្កាត់។ លុះដល់វេលាម៉ោង០៥និង២០នាទីទាបភ្លឺ ទាហានឈុតខ្មៅថៃទប់ស្កាត់បានប្រជាពលរដ្ឋខ្មែរចំនួន ៣៧នាក់ (ស្រី១៨នាក់) នៅចំណុចភូមិគុតហ៊ីន (មូស៊ី) ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកមេបញ្ជាការបានបញ្ជាក់ថា ៖ ពលរដ្ឋខ្មែរទាំង៣៧នាក់នោះ បន្ទាប់ពីឃាត់ខ្លួនធ្វើការសាកសួរ និងធ្វើតេស្តរកមេរោគកូវីដ-១៩ រួច ទាហានឈុតខ្មៅថៃបានបញ្ជូនឲ្យនគរបាលក្លងណាំសៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕

website_news/2022280405.txt · Last modified: 2022/04/28 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki