website_news:2022280406

ឃាត់ខ្លួនពលករខ្មែរ១៣៤នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៧ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩:២៥

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក២ អង្គភាព ឃាត់ខ្លួនពលករខ្មែរ ចំនួន១៣៤នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ កាលពីថ្ងៃទី២៥ ខែមេសានេះ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ និងស្រុកថ្មពួក ។ កម្លាំងនគរបាលការពារព្រំដែនគោក២ អង្គភាពបានឃាត់ពលករខ្មែរចំនួន១៣៤នាក់ និងស្រីចំនួន៥៣នាក់ ដែលបម្រុងលួចចូលទៅប្រទេសថៃ ដើម្បីទៅរកការងារធ្វើដោយខុសច្បាប់ ។

លោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានប្រាប់ថា ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចព្រំដែនភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាបានឃាត់ពលករខ្មែរ ចំនួន៧៤នាក់ ស្រី៣០នាក់ ដែលបម្រុងលួចឆ្លងទៅប្រទេសថៃ ដើម្បីទៅរកការងារធ្វើដោយខុសច្បាប់ ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចតាមបន្ទាត់ព្រំដែន ភូមិក្បាលស្ពាន ឃុំ.ស្រុកម៉សឡៃ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាបានឃាត់ពលករខ្មែរ ចំនួន១២០នាក់ ស្រី២៣នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដើម្បីទៅរកការងារធ្វើដោយខុសច្បាប់ ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តាមច្រកអូរបីជាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលក្រុមការងារទទួលមាន ចំនួន១១៨នាក់ ស្រី៥២នាក់ កុមារ១៨នាក់ ក្នុងនោះមានអ្នកដែលចាក់វ៉ាក់សាំងការពារកូវីដ.១៩ ដូសទី២ និងដូសទី៣ មានចំនួន១០៨នាក់ ស្រី៤៦នាក់ ៕

website_news/2022280406.txt · Last modified: 2022/04/28 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki