website_news:2022280702

កម្ពុជានឹងបើកការត្រួតពិនិត្យជនបរទេស ក្រោយអាមេរិកថាគ្មានឆន្ទៈប្រឆាំងការជួញដូរមនុស្

https://www.khmertimeskh.com/ តន វិបុល July 28, 2022

ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបើកប្រតិបត្តិការត្រួតពិនិត្យជនបរទេសទាំងអស់ដែលស្នាក់នៅកម្ពុជា លើកលែងតែមន្ត្រីទូត។ ផែនការបើកប្រតិបត្តិការនេះត្រូវបានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកាសនៅក្នុងពិធីបិទវគ្គសិក្សាថ្នាក់ដឹកនាំនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃអង្គារ។ លោកនិយាយថា ជនបរទេសដែលមកធ្វើការនៅកន្លែងការដ្ឋាន ក្រុមហ៊ុនឯកជន វិនិយោគទាំងអស់ គឺត្រូវតែត្រួតពិនិត្យ ដើម្បីរកឲ្យឃើញថា ជនបរទេសដែលចូលមកកម្ពុជាត្រឹមត្រូវ ឬមិនត្រឹមត្រូវតាមច្បាប់ និងរកឲ្យឃើញអ្នក ដែលជាមុខសញ្ញានៃការជួញដូរមនុស្ស។ លោកថា៖ «ជួនកាលយកមកលាក់ទុកនៅផ្ទះសំណាក់ណាមួយ នៅសណ្ឋាគារណាមួយ ឬក៏បង្កប់នៅក្នុងកាស៊ីណូណាមួយ ហើយនឹងការធ្វើទារុណកម្មធ្វើបាបជួញដូរនៅក្នុងកាស៊ីណូណាមួយ គឺត្រូវត្រួតពិនិត្យឲ្យច្បាស់»។ ការប្រកាសបើកប្រតិបត្តិការត្រួតពិនិត្យជនបរទេសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពីអាមេរិកដាក់កម្ពុជាជាប្រទេសលំដាប់ទី៣នៃការជួញដូរមនុស្ស ដែលមានន័យថាកម្ពុជាគ្មានឆន្ទៈក្នុងកាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ លោក ស ខេង បញ្ជាក់ថា ដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្ស ក្រសួងនឹងរៀបចំផែនការប្រតិបត្តិការមួយនឹងធ្វើការងារនេះឲ្យបានម៉ត់ចត់ ដើម្បីត្រួតពិនិត្យជនបរទេស និងដើម្បីរកមុខសញ្ញានៃការជួញដូរមនុស្សនៅកម្ពុជា។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា ការបើកប្រតិបត្តិត្រួតពិនិត្យជនបរទេសនៅកម្ពុជាកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដូចជាក្រសួងការងារ ក្រសួងមហាផ្ទៃ និងពាក់ព័ន្ធជាមួយស្ថាប័នផ្សេងៗទៀត ព្រោះវាជាយុទ្ធនាការដ៏ធំមួយដែលទាមទារការរៀបចំផែនការច្បាស់លាស់ ដើម្បីចុះអនុវត្តផែនការ។ លោកបន្តថា៖ «ក្នុងករណីរកឃើញជនបរទេសរស់នៅកម្ពុជាមានកំហុសឆ្លង គឺយើងមិនមានធ្វើអ្វីក្រៅពីអនុវត្តវិធានការច្បាប់នោះទេ។ គ្រប់យ៉ាង គឺអាស្រ័យលើច្បាប់របស់យើង ប្រសិនបើច្បាប់តម្រូវឱ្យបញ្ជូនគាត់ទៅ[ស្រុកកំណើត]វិញ គឺយើងបញ្ជូនគាត់ទៅ ហើយប្រសិនបើច្បាប់តម្រូវឱ្យពិន័យគាត់ គឺយើងត្រូវតែពិន័យ»។

លោកបន្ថែមថា នៅតាមច្រកព្រំដែនអន្តរជាតិជាធម្មតា ជាច្រកត្រូវបានបើកចំហរ ដែលកន្លងមកត្រូវបានបន្តរឹតបន្តឹង និងអនុវត្តដោយមន្ត្រីអន្តោតប្រវេសន៍ ប៉ុន្តែជនបរទេសដែលចេញចូលកម្ពុជាសុទ្ធតែមានឯកសារត្រឹមត្រូវ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអាចផ្តល់បទសម្ភាសដល់កាសែតខ្មែរថាមស៍ឡើយ ដោយលោកប្រាប់ថាកំពុងស្ថិតនៅឯក្រៅប្រទេស។ តាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ពីឆ្នាំ២០១៤ មកដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ២០ ៨២៤នាក់ចេញពីកម្ពុជា ក្នុងនោះមាន១០២សញ្ជាតិ។ នៅក្នុងឆ្នាំ២០២១ កម្ពុជាបានបណ្ដេញចេញចំនួន ៣៥៩៤នាក់ ក្នុងនោះមាន១៥សញ្ជាតិ ប៉ុន្តែរបាយការណ៍មិនបានបញ្ចាក់ថា សញ្ជាតិច្រើនជាងគេនោះទេ។

យ៉ាងណាលោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមន៍អាដហុក បង្ហាញការគាំទ្រ ចំណាត់ការរបស់មន្ត្រីរដ្ឋមន្ត្រីភិបាលចំពោះជនបរទេសដែលយកទឹកដីកម្ពុជធ្វើជាមូលរដ្ឋាន ដើម្បីប្រព្រឹត្តិបទល្មើស ព្រោះលោកព្រួយបារម្ភនូវការប៉ះពាល់ដល់មុខមាត់របស់ប្រទេស។ លោកបានបញ្ជាក់ថា៖ «ចំណាត់ការនេះ គឺធ្វើសម្រាប់តែជនបរទេសដែលប្រព្រឹត្តនូវបទល្មើសប៉ុណ្ណោះ សម្រាប់ជនបរទេសដែលមករស់នៅប្រកបរបរដោយសុចរិតនៅកម្ពុជា គឺពុំប៉ះពាល់ដល់់សិទ្ធិរបស់ពួកគាត់ឡើយ។ ប៉ុន្តែយ៉ាងណាមន្ត្រីដែលចុះអនុវត្តបទបញ្ជាគួរធ្វើឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរិះគន់ពីបរទេស»។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានចេញរបាយការណ៍អំពីការជួញដូរមនុស្សតាមបណ្តាប្រទេសនានា។ ក្នុងរបាយការណ៍នោះ ក្រសួងការបរទេសនៃប្រទេសមហាអំណាចមួយនេះ បានដាក់កម្ពុជា វៀតណាម និងដែនដីម៉ាកាវ ចូលក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការជួញដូរមនុស្ស។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ជារឿងអយុត្តិធម៌ ដែលក្រសួងការបរទេសអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ។ អ្នកស្រីស្នើឲ្យភាគីដែលដឹងឮពីករណីជួញដូរមនុស្សនៅកម្ពុជា រាយការណ៍ដល់អាជ្ញាធរ ដើម្បីរួមគ្នាដោះស្រាយ៕

website_news/2022280702.txt · Last modified: 2022/07/28 11:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki