website_news:2022280703

អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយ តំណាងក្រសួងសន្តិសុខមាតុភូមិ និងអន្តោប្រវេសន៍ (HSI) អមស្ថានទូតអាមេរិកប្រចាំកម្ពុជា

http://freshnewsasia.com/ 2022-07-27 05:00pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោក JAMES PODBOY តំណាងក្រសួងសន្តិសុខមាតុភូមិ និងអន្តោ ប្រវេសន៍ HSI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្វាគមន៍ចំពោះលោក JAMES PODBOY តំណាងក្រសួងសន្តិសុខមាតុភូមិ និងអន្តោប្រវេសន៍ HSI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរនាពេលកន្លងមក រួមទាំងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការបណ្តុះបណ្តាល ជាពិសេសការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន។

ជាការឆ្លើយតប លោក JAMES PODBOY តំណាងក្រសួងសន្តិសុខមាតុភូមិ និងអន្តោប្រវេសន៍ HSI អមស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់នគរបាលកម្ពុជា ដែលបានរួមសហការគ្នាល្អ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន។ លោក JAMES PODBOY ក៏បានថ្លែងការកោតសរសើរដល់ស្ថាប័នអនុវត្តនៃប្រទេសកម្ពុជា ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជួយឲ្យកម្ពុជារួចផុតពីបញ្ជីឈ្មោះ ជាប្រទេសគោលដៅទេសចរណ៍ផ្លូវភេទកុមារ។

ជាចុងក្រោយ ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិលើការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការកសាងសមត្ថភាពដល់មន្រ្តីអនុវត្តច្បាប់ផងដែរ៕

website_news/2022280703.txt · Last modified: 2022/07/28 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki