website_news:2022280704

នាយឧត្តមសេនីយ៍ នេត សាវឿន ជួបអនុព័ន្ធផ្នែកច្បាប់ FBI របស់ស្ថានទូតអាមេរិកចប់អាណត្តិ និងអ្នកដែលត្រូវចូលកាន់តំណែងថ្មី

http://freshnewsasia.com/ 2022-07-27 04:55pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក STEVEN STUEHSER អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា (ចប់អាណត្តិ) និងលោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា (ចូលកាន់តំណែងថ្មី) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្វាគមន៍ចំពោះលោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាថ្មី និងបានថ្លែងអំណរគុណចំពោះលោក STEVEN STUEHSER អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានចប់អាណត្តិការងារ ដែលរយៈកាលកន្លងមកបានសហប្រតិបត្តិការគ្នាបានល្អ។ ក្នុងជំនួបភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងពិភាក្សាសំខាន់ផ្តោតទៅលើទំនាក់ទងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកលើការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ការជួយគាំទ្រផ្នែកមធ្យោបាយ សម្ភារ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឈានទៅប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ភាគីទាំងពីរ បានសម្ដែងនូវសេចក្ដីរីករាយក្នុងការចូលរួមសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធន៍ ទៅវិញទៅមកក្នុងកិច្ចប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសនានា នាពេលកន្លងមកផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានជូនពរដល់លោកស្រី AMY SHUMAN អនុព័ន្ធផ្នែកច្បាប់ FBI អមស្ថានទូតសហរដ្ឋអាមេរិកថ្មី រួមទាំងសហការីទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

website_news/2022280704.txt · Last modified: 2022/07/28 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki