website_news:2022280705

សិក្ខាសាលាស្ដីពី ផែនការកិច្ចការពារកុមារ ៣ឆ្នាំរំកិល(២០២៣-២០២៥) ខេត្តសៀមរាប

http://nokorwatnews.com/ 27/07/2022

ខេត្តសៀមរាប ៖ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប បានបេីកសិក្ខាសាលាស្ដីពី ផែនការកិច្ចការពារកុមារ ៣ឆ្នាំរំកិល (២០២៣-២០២៥)ខេត្ត ក្រោមសហអធិបតីភាព លលោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ ក ស ក និង លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក ភី ណូ ប្រធាននាយកដ្ឋានសុខមាលភាពកុមារ លោក លោកស្រី តំណាងអង្គការយូនីសេហ្វ លោក លោកស្រី មន្ត្រីរាជការរដ្ឋបាលខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបចំនួន ៧៤នាក់។

ក្នុងសិក្ខាសាលានេះដែរ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរាយការណ៍ពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារកិច្ចការពារកុមារខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលេីកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២។

លោកស្រី អភិបាលរងខេត្ត ក៏បានលើកឡើងអំពើហិង្សាលើកុមារ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ដែលបានស្ដែងចេញតាមរូបភាព អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឬការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់កុមារ ក៏ដូចជាការទទួលរងគ្រោះពីគ្រោះមហន្តរាយនានាជាដើម។ តាមរយៈការសិក្សាស្រាវជ្រាវមុនៗបានបង្ហាញថា ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា មានតម្រូវការចម្រុះដែលមិនអាចបំពេញបានពេញលេញ ដោយអ្នកផ្តល់សេវាតែម្នាក់ ឬ ការផ្តល់សេវាមិនបានសម្របសម្រួលត្រឹមត្រូវតាមច្បាប់ ។ កន្លងមកតាមរយៈ ការអនុវត្តផ្ទាល់ជាលទ្ធផលទាំងស្ថាប័នរដ្ឋ និងអង្គការបានជួបប្រទះនូវបញ្ហាមួយចំនួន ក្នុងការបញ្ជូនជនរងគ្រោះ និងការគ្រប់គ្រងទិន្នន័យនៃការផ្តល់ និងទទួលសេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅមានកម្រិត ពិសេសកុមារ។ សិក្ខាសាលានេះរៀបចំឡើង ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការកិច្ចការពារកុមារឆ្នាំ២០២១ ព្រមទាំងលើកបញ្ហាប្រឈមមកពិភាក្សារកដំណោះស្រាយ និងការរៀបចំផែនការខេត្តស្ដីពីកិច្ចការពារកុមាររយៈពេល ៣ឆ្នាំរំកិល (ឆ្នាំ២០២៣-២០២៥)៕

website_news/2022280705.txt · Last modified: 2022/07/28 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki