website_news:2022280905

មានការកើនឡើងនូវការគំរាមកំហែងដែលធ្វើឡើងដោយក្រុមឆបោក ពាក់ព័ន្ធនឹងការចោទប្រកាន់”ការជួញដូរសរីរាង្គ”

https://www.khmertimeskh.com/501158015//?p=1158015 Kong Arey / Khmer Times September 27, 2022

ការចោទប្រកាន់ជាច្រើនអំពីការជួញដូរផ្នែករាងកាយរបស់ជនរងគ្រោះ ដោយការជួញដូរមនុស្សត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរីករាលដាលពាសពេញតំបន់ ដែលបង្កការភ័យខ្លាច និងភាពមិនច្បាស់លាស់ដល់អ្នកដែលគ្រោងនឹងមកកម្សាន្តនៅកម្ពុជា។ រឿងរ៉ាវទាំងអស់នេះបានចាប់ផ្តើមជាមួយនឹងវីដេអូខ្លី ដែលបានបង្ហោះ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្លុក(blog) និងគេហទំព័រ ដោយបានចោទប្រកាន់ថា អ្នកដែលបដិសេធមិនធ្វើតាមការបញ្ជាររបស់ក្រុមឆបោក នឹងត្រូវបានវះយកសរីរាង្គសំខាន់ៗរបស់ពួកគេទៅលក់ក្នុងទីផ្សារងងឹតតាមរយៈគេហទំព័រខុសច្បាប់។ ក៏មានការអះអាងថាជនបរទេស”រាប់ពាន់” នាក់ត្រូវបានចោទប្រកាន់ថាត្រូវបានជួញដូរ ដោយល្បួងឱ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជា និងយ៉ាងហោចណាស់ប្រទេសអាស៊ីអាគ្នេយ៍ពីរផ្សេងទៀតជាមួយនឹងការសន្យាផ្តល់ការងារបានប្រាក់ខែខ្ពស់ជាប្រាក់ដុល្លារ ដែលមានតម្លៃខ្ពស់ជាងរូបិយប័ណ្ណក្នុងប្រទេសពួកគេ ហើយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចប្រើប្រាក់ប្រាក់ដុល្លារ។

មន្ត្រីនគរបាលមកពីបណ្តាប្រទេសអាស៊ានមួយចំនួន បានប្រាប់កាសែតខ្មែរថាមស៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការចោទប្រកាន់នេះបានធ្វើឲ្យខូចខាតមុខមាត់យ៉ាងធំធេងដល់កម្ពុជា និងប្រទេសពីរផ្សេងទៀត ទោះបីជាករណីជួញដូរមនុស្សសម្រាប់ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត និងប្រតិបត្តិការឆបោកផ្សេងទៀតកំពុងកើតឡើង យ៉ាងហោចណាស់ពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានទាំង១០ក៏ដោយ។ «ការជួញដូរមនុស្ស ការលក់មនុស្សពីក្រុមមួយទៅឱ្យក្រុមមួយទៀត បន្ទាប់ពីពួកគេបានមកដល់ប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត ហើយប្រទេសផ្សេងទៀតត្រូវបានលើកឡើងមកនិយាយដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ប៉ុន្តែ មានតែកម្ពុជាប៉ុណ្ណោះត្រូវបានគេលើកមកនិយាយដោយអយុត្តិធម៌ ហើយចំពោះសកម្មភាពរបស់នគរបាលក្នុងការចាប់ខ្លួនក្រុមឆបោក ដែលរហូតមកដល់បច្ចុប្បន្ន ចាប់បានជនសង្ស័យរាប់រយនាក់ ទទួលបានការឆ្លើយតបតិចតួចបើប្រៀបធៀបទៅនឹងការចោទប្រកាន់។ កម្លាំងនគរបាលកម្ពុជាបាននិយាយថា “ការស៊ើបអង្កេតរបស់យើងបានបង្ហាញថាការចោទប្រកាន់នូវការជួញដូរអវៈយវៈមនុស្សគ្រាន់តែជាការគំរាមកំហែងដែលប្រើដោយក្រុមឆបោកដើម្បីគម្រាមពលករទាំងនោះ ហើយមិនមានផ្នែករាងកាយពិតប្រាកដណាមួយត្រូវបានជួយដូរទេ ហើយក៏មិនមាននរណាម្នាក់ចេញមុខផ្តល់ភស្តុតាងណាមួយអំពីរឿងនេះ រួមជាមួយនឹងការជួញដូរឈាម ដែលជាការចោទប្រកាន់ដែលត្រូវបានច្រានចោលផងដែរ» ។

លោកបានបន្ថែមថា បញ្ហានោះគឺនៅក្នុងប្រទេសដែលជនរងគ្រោះដែលត្រូវបានគេចោទប្រកាន់ថាត្រូវបានជួញដូរ ខណៈដែលការចាប់ខ្លួនជនបោកប្រាស់នឹងជួយកាត់បន្ថយ និងលុបបំបាត់ក្រុមបោកប្រាស់ទាំងនេះដែលតែងតែល្បួងជនងាយរងគ្រោះ។ លោកបានបន្ថែមថា “ការថ្លែងនាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Datuk Eldeen Husaini ថា ការសហការរួមគ្នារវាងអាស៊ានអាចជាដំណោះស្រាយ ខណៈដែលការចែករំលែកព័ត៌មាន និងការស៊ើបការណ៍សម្ងាត់ ការសម្របសម្រួល និងការវិភាគអាចដើរតួយ៉ាងសំខាន់ក្នុងការកំចាត់ក្រុមទាំងនេះ” ។

កាលពីខែកក្កដា សហរដ្ឋអាមេរិកបានទម្លាក់កម្ពុជាមកនៅចំណាត់ថ្នាក់ទី ៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតលើសន្ទស្សន៍ការជួញដូរមនុស្សរបស់ខ្លួន បន្ទាប់ពីមិនបានដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា « [រហូតដល់] ៩៩,៩ ភាគរយនៃមេខ្លោងឧក្រិដ្ឋកម្មមិនមែនជាជនជាតិខ្មែរទេ។ អ្នកដែលរៀបចំផែនការបញ្ជូនមនុស្សពីប្រទេសផ្សេងៗមកកម្ពុជាក៏មិនមែនជាជនជាតិខ្មែរដែរ»។ ក្នុងឆ្នាំ ២០១៧ ជនជាតិខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅតុលាការពីបទជួញដូរអវៈយវៈ ក្នុងករណី ដែលជនជាតិខ្មែរមួយចំនួនត្រូវបានគេបញ្ចុះបញ្ចូលឱ្យធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីលក់ក្រលៀន ឬសរីរាង្គសំខាន់ៗផ្សេងទៀត។ នៅឆ្នាំ២០១៦ រដ្ឋសភាបានអនុម័តច្បាប់ហាមឃាត់ការជួញដូរសរីរាង្គក្នុងគោលបំណងទប់ស្កាត់ការជួញដូរនៅក្នុងទីផ្សារសរីរាង្គ(red market) ។

នគរបាលបាននិយាយថា វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ការជួញដូរសរីរាង្គ និងការជួញដូរមនុស្សសម្រាប់ការយកសរីរាង្គគឺខុសគ្នា ដែលជារឿយៗត្រូវបានគេច្រលំគ្នា”។ ការជួញដូរមនុស្សដើម្បីយកសរីរាង្គ កើតឡើងនៅពេលដែលមនុស្សត្រូវបានគេបង្ខំ ឬបោកបញ្ឆោតឱ្យផ្តល់សរីរាង្គ នៅពេលដែលពួកគេយល់ព្រមលក់សរីរាង្គណាមួយ ប៉ុន្តែត្រូវបានគេបោកប្រាស់ ឬនៅពេលដែលពួកគេត្រូវបានចាប់ពង្រត់ និងត្រូវបានដាក់ថ្នាំ ហើយក្រោយមកត្រូវបានគេវះយកសរីរាង្គ។ មន្ត្រីក្រុមការងាររូបនេះបានលើកឡើងថា ចំណុចសំខាន់ដែលត្រូវបញ្ជាក់គឺមិនមានករណីបែបនេះក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការជួញដូរសរីរាង្គមនុស្សដោយក្រុមអ្នកជួញដូរឡើយ៕

website_news/2022280905.txt · Last modified: 2022/09/28 20:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki