website_news:2022280906

ភាពប្រទាក់ក្រឡាគ្នារវាងល្បែងស៊ីសង និងការជួញដូរមនុស្សនៅកម្ពុជា

https://kohsantepheapdaily.com.kh/article/1604947.html?utm_source=telegram&utm_medium=click&utm_campaignchanneltelgram ២៧ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១៦:៤៤

ការជួញដូរមនុស្ស និងល្បែងស៊ីសងកំពុងធ្វើអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋា ភិបាល និងសម្តេច ស ខេង ឈឺក្បាលខ្លាំងបន្ថែមពីលើការងារសំខាន់ៗផ្សេងៗទៀត ដែលត្រូវដោះស្រាយសម្រាប់ប្រទេសជាតិ។ ការជួញដូរមនុស្ស និងល្បែងស៊ីសងច្រើនកន្លែងហាក់ដូចជាមានភាពប្រទាក់ក្រឡាគ្នា ដោយជំរុញអោយរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការស្ទើរដំណាលគ្នា ដើម្បីកំចាត់បញ្ហាទាំងពីរនេះ។ ដោយសារភាពធ្ងន់ធ្ងរ នៃបញ្ហាល្បែងស៊ីសង និងការជួញដូរមនុស្សមានផលប៉ះពាល់ខ្លាំង ចំពោះសង្គមសេដ្ឋកិច្ច និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ យើងមានក្តីសង្ឃឹមថា យើងអាចរកឃើញអ្នកដែលទទួលខុសត្រូវពិតប្រាកដនៅពីក្រោយបទល្មើសពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងអ្នកនៅពីក្រោយខ្នងការជួញដូរមនុស្ស។ ពោល គឺយើងត្រូវចាប់អោយបានមេខ្លោងចំពោះបញ្ហាដ៏ធ្ងន់ធ្ងរទាំងពីរនេះ។

មកដល់ពេលនេះសមត្ថកិច្ចទើបតែអាចរកឃើញជនបរទេស ដែលពាក់ព័ន្ធហើយភាគច្រើន គឺជាជនរងគ្រោះនៅក្នុងឧក្រិដ្ឋកម្មនោះ ប្រមាណជាជាង១៥០នាក់ប៉ុណ្ណោះ ដោយពួកគេ ត្រូវបានរកឃើញនៅខេត្តកណ្តាល កោះកុង និងរាជធានីភ្នំពេញ ដោយនៅក្នុងនោះពួកគេជា ជនជាតិចិន ឥណ្ឌូនេស៊ី និងវៀតណាមជាដើម។ ក្រៅពីជនបរទេសទាំងនោះ សមត្ថកិច្ចបានចាត់វិធានការនៅតាមកន្លែងបញ្ចាំមួយចំនួន ហើយបានរឹបអូសម៉ូតូប្រមាណជា ជាង ១០០០គ្រឿង ដោយមួយចំនួនបានប្រគល់ដល់ម្ចាស់ដើមវិញ។ បញ្ហាដែលចេញមកពីបញ្ហាល្បែងស៊ីសងនេះបានធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់ដាក់ការសង្ស័យរបស់ពួកគេមកលើកម្ពុជាថា ជាកន្លែងដែលមានអ្នកពាក់ព័ន្ធនឹងអំពើឆរបោក និង បញ្ហាជួញដូរមនុស្ស ដោយនៅក្នុងនោះ មានប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពិន ស្របពេលដែលអាមេរិក បានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់ដ៏អាក្រក់បំផុតនៃអំពើជួញដូរ មនុស្សកាលពីខែ កក្កដា ឆ្នាំ២០២២។ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានលើកឡើងថា កម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ ខណៈដែលអំពើពុករលួយក្នុងសង្គមកម្ពុជា នៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ជារួម ដើម្បីនាំជនល្មើសនៃអំពើជួញដូរមនុស្សយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ និងរារាំងដល់ការផ្តល់សេវាជូនជនរងគ្រោះ។

អាជ្ញាធរវៀតណាមវិញថ្មីត្បិតតែមិនចេញរបាយការណ៍ណាមួយក៏ពិតមែន ប៉ុន្តែបានស្នើឲ្យ កម្ពុជាបើកការ សើបអង្កេតខណៈដែលមានជនជាតិវៀតណាមប្រមាណជា ៤០នាក់ បានសម្រុក រត់ចេញពីកន្លែងលេងល្បែងស៊ីសងមួយកន្លែងនៅខេត្តកណ្តាលលោតចុះទឹក ហែលឆ្លងទៅវៀតណាម ហើយមានរបាយការណ៍ថា ម្នាក់នៅក្នុងចំណោមនោះ បានស្លា.ប់ថែមទៀត ។

ក្រៅពីនេះ ម៉ាឡេស៊ីវិញ គឺបានឈានដល់ការសម្រេចចិត្តបង្កើតគណកម្មការមួយ ដើម្បីទទួលបន្ទូកបញ្ហាជនជាតិម៉ាឡេស៊ីដែលរងគ្រោះដោយសារតែបញ្ហាបោកប្រាក់ការងារនៅ បរទេស ហើយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏បានទំនាក់ទំនងមករដ្ឋមន្ត្រី ការបរទេស កម្ពុជាផងដែរលើបញ្ហានេះ។ ក្រៅពីនេះ អាជ្ញាធរហ្វីលីពិនបានប្រកាសថា ការិយាល័យឥន្តោប្រវេសន៍ហ្វីលីពិននឹងរិតបន្តឹងវិធានការផ្សេងៗលើរាល់អ្នកដំណើរទាំងអស់ ដែលមកពីកម្ពុជា និងវៀតណាម ដោយសារតែ បញ្ហារឿងអាស្រូវនេះ។ ទាំងនេះគឺជាស្ថានភាពត្រួសៗអំពីបញ្ហាដែលកើតមានឡើងជុំវិញបញ្ហាដែលគេជឿថា មានឫសគលចេញមកពីបណ្តាកន្លែងដែលបើកល្បែងស៊ីសងខុសច្បាប់ធំៗនៅកម្ពុជា ។ដោយសារតែភាពធ្ងន់ធ្ងរនៃបញ្ហាល្បែងស៊ីសង និងការជួញដួរមនុស្សប៉ះពាល់ខ្លាំងដល់មុខមាត់ប្រទេសកម្ពុជា ប្រតិបត្តិការបង្ក្រាបលើបញ្ហាទាំងពីរនេះមិនត្រូវធ្វើលំៗឡើយ ហើយត្រូវធ្វើអោយមានប្រសិទ្ធភាពបំផុតតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចតេ ជោហ៊ុនសែន ។

និយាយអោយត្រង់ជាងនេះ ការបង្ក្រាប គឺត្រូវធ្វើអោយ ដល់ឬសគល់ ពិតប្រាកដហើយត្រូវចាប់អោយបានមេខ្លោងនៅពីក្រោយបញ្ហាទាំងពីរនេះ។ បើសិនជាមិន អាចចាប់មេក្លោងបានទេ បញ្ហាទាំងពីរនេះនឹងបន្តញាំញីប្រទេសកម្ពុជា ហើយកម្ពុជាមិន អាចដោះ ស្រាយបញ្ហានេះបានជោគជ័យ១០០ភាគរយ ដូចការចង់បានរបស់ក្រសួងមហាផ្ទៃដែលដឹកនាំដោយសម្តេច ស ខេង និងរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន៕ ដោយ ៖ ហេង ចេស្តារ

website_news/2022280906.txt · Last modified: 2022/09/28 20:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki