website_news:2022280907

អាជ្ញាធរបានរកឃើញជនបរទេសសរុបជិត ៩០០ នាក់ ក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធល្បែង និងរស់នៅខុសច្បាប់

https://www.postkhmer.com/national/2022-09-27-1603-241448.html ឡាយ សាមាន | Publication date 27 September 2022 | 16:03 ICT

ព្រះសីហនុៈ ក្នុងប្រតិបត្តិការរយៈពេល ៣ ថ្ងៃ អាជ្ញាធរបានរកឃើញជនបរទេសសរុបជិត ៩០០ នាក់ នៅ ២ ទីតាំងផ្សេងគ្នាក្នុងក្រុងព្រះសីហនុ ដោយមានជនបរទេសមួយចំនួនរស់នៅខុសច្បាប់ និងបានកំណត់បទល្មើសពាក់ព័ន្ធបើកល្បែងអនឡាញខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចារកម្ម។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ២៣ ខែកញ្ញា បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ជីង ឆាយ តិចណូឡូជី (ហៅ ជើង ឆាយ០៥) មានចំនួន ៨ អគារ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណ ប្រកបអាជីវកម្ម ការស្នាក់នៅរបស់ជនអន្តោប្រវេសន៍ និងករណីជួញដូរមនុស្ស សញ្ចារកម្ម និងល្បែងអនឡាញ ខុសច្បាប់។ សេចក្តីប្រកាសបន្តថា ក្នុងប្រតិបត្តិការរយៈពេល ៣ ថ្ងៃនេះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញ ជនបរទេសសរុប ៤៦៩ នាក់ ស្រី ៧៥ នាក់ មានចំនួន ១០ សញ្ជាតិ។

ក្នុងនោះជនជាតិចិន ចំនួន ២៧៤ នាក់ (ស្រី ៣៣ នាក់) ជនជាតិចិនតៃវ៉ាន់ ចំនួន ៦ នាក់ ជនជាតិវៀតណាម ចំនួន ១៥៨ នាក់ (ស្រី ៣៤ នាក់) ជនជាតិម៉ាឡេស៊ី ចំនួន ១៥ នាក់ (ស្រី ២ នាក់) ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣ នាក់ (ស្រី ២ នាក់) ជនជាតិឥណ្ឌា ចំនួន ៤ នាក់ ជនជាតិថៃ ចំនួន ៣ នាក់ (ស្រីម្នាក់) ជនជាតិបង់ក្លាដែស ១ នាក់ ជនជាតិមីយ៉ាន់ម៉ា ចំនួនស្រី ១ នាក់ និងជនជាតិរុស្ស៊ី ស្រី ២ នាក់។ ក្នុងចំណោម ៤៦៩ នាក់ មានជនបរទេសខុសច្បាប់អន្តោប្រវេសន៍ សរុបចំនួន ២៣៦ នាក់ ស្រី ៣២ នាក់ មាន ៨ សញ្ជាតិ ក្នុងនោះជនជាតិចិន ចំនួន ៩៩ នាក់ តៃវ៉ាន់ ចំនួន ២ នាក់ វៀតណាម ចំនួន ១២២ នាក់ ម៉ាឡេស៊ី ៥ នាក់ ថៃ ៣ នាក់ បង់ក្លាដែស ១ នាក់ មីយ៉ាន់ម៉ា ១ នាក់ និង ឥណ្ឌាចំនួន ៣ នាក់។ ប្រភពដដែលឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកការងារ និងសមត្ថកិច្ចជំនាញផ្នែកអន្តោប្រវេសន៍ បានធ្វើការសាកសួរព័ត៌មាន និងពិនិត្យឯកសារពាក់ព័ន្ធនានា លើជនបរទេសសរុបចំនួន ៤១៤ នាក់ ឃើញថា ជនបរទេសបម្រើការងារមិនមានបណ្ណការងារ មានចំនួន ២៣៦ នាក់ និងបានធ្វើការផាកពិន័យទាំងអស់ ព្រមទាំងប្រមូលអាករពីការធ្វើបណ្ណការងារ បានថវិកាសរុប ចំនួន ១១៨ លានរៀល។

ក្នុងនោះ មានបណ្ណការងារ ចំនួន ៣៥ នាក់ ខណៈជនបរទេសដែលមិនមានលិខិតឆ្លងដែន មានចំនួន ១៦៨ នាក់ ក្នុងនោះ ជនជាតិចិនចំនួន ១៣០ នាក់ វៀតណាមចំនួន៣៣នាក់ ម៉ាឡេស៊ីចំនួន ៣ នាក់ និងឡាវ ចំនួន ២ នាក់។ ជាលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលទីតាំងខាងលើ កម្លាំងជំនាញកំណត់បទល្មើសចំនួន ៣ រួមមាន បទល្មើសល្បែងអនឡាញខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចារកម្ម។ ក្នុងប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុសម្រេចដាក់ចេញនូវ វិធានការមួយចំនួនរួមមាន ធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យអន្តោប្រវេសន៍ និងផ្តល់បណ្ណការងាររួចរាល់ អនុញ្ញាតឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មី។ សម្រេចបិទអាជីវកម្មទាំងអស់ ដែលស្ថិតក្នុងបរិវេណទីតាំងឈ្មោះ ជើង ឆាយ តិចណូឡូជី លើកលែងតែអាហារដ្ឋាន និងបិទជាបណ្តោះអាសន្ននូវអគារមួយចំនួន ដែលមានភាពអនាធិបតេយ្យ។ ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានរក្សាទុកសម្ភារ ទ្រព្យសម្បត្តិដែលបានចាប់ យកក្នុងពេលប្រតិបត្តិការ។

ដោយឡែក ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងក្រុមហ៊ុន ហ្គាឡាក់ស៊ីវើលដ៍ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃដូចគ្នា បានរកឃើញជនបរទេសសរុប ៤១៤ នាក់ ដែលមាន ៥ សញ្ជាតិ។ រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះទាំង២ទីតាំងរកឃើញជនបរទេសសរុបចំនួន ៨៨៣ នាក់ ដោយក្នុងនោះ រកឃើញករណីជនបរទេសរស់នៅខុសច្បាប់ ករណីបង្ខាំងមនុស្ស និងបានចាត់វិធានការតាមផ្លូវច្បាប់។ រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ចំពោះករណីទាំងនេះ សមត្ថកិច្ចបានកំពុងធ្វើការទៅតាមជំនាញរៀងៗខ្លួន ក្នុងនោះ ជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានកសាងសំណុំរឿងពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់បញ្ជូនទៅតុលាការ និងបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។ ចំណែកជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបទល្មើសជួញដូរមនុស្ស បទល្មើសញ្ចារកម្ម បញ្ជូនជនសង្ស័យចំនួន ៥ នាក់ ទៅតុលាការ និងបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា យុទ្ធនាការបង្ក្រាបទៅលើល្បែងស៊ីសងខុសច្បាប់ដែលមានលក្ខណៈទ្រង់ទ្រាយធំគឺជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការអនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គលគ្រប់រូប ទើបការងារនោះមានប្រសិទ្ធភាព។ លោកថា៖ «អ្វីដែលសំខាន់ការបង្ក្រាបលើល្បែងស៊ីសងទាំងអស់នេះ កុំចាំបាច់ទាល់មានបទបញ្ជាពីថ្នាក់ជាតិទើបថ្នាក់ក្រោមជាតិចាត់វិធានការ បើមិនដូច្នេះទេដូចវែកចកអ៊ីចឹង ព្រោះច្បាប់យើងមានស្រាប់ អ៊ីចឹងត្រូវអនុវត្តច្បាប់ឱ្យល្អប្រសើរពិសេសគ្រប់មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីល្បែងស៊ីសង ដើម្បីឱ្យវិធានការទប់ស្កាត់ឬបង្ក្រាបនេះមានប្រសិទ្ធភាព»។

រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាទីតាំងអាជីវកម្មដែល សង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញ បទល្មើស រហូតដល់ភូមិសាស្ត្រខេត្តព្រះសីហនុ ទាំងមូលលែងមានបញ្ហាទាំងនេះ។ ការចុះប្រតិបត្តិការទ្រង់ទ្រាយធំ និងម៉ឺងម៉ាត់បែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅ ក្នុងខែកញ្ញា បានចេញបញ្ជាឱ្យបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ដែលជាដើមចមនៃបទល្មើសនានា ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងធានាដល់គោលនយោបាយភូមិ ឃុំ សុវត្ថិភាព៕

website_news/2022280907.txt · Last modified: 2022/09/28 20:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki