website_news:2022281001

សំណុំរឿងជួញដូរមនុស្សដែលកើតមាននៅកម្ពុជាត្រូវបានលើកបង្ហាញជាថ្មីនៅក្នុងទំព័រកាសែតបរទេស

https://www.rfi.fr/km//20221025- ចុះផ្សាយនៅថ្ងៃ៖ 25/10/2022 - 07:59

សារព័ត៌មានបរទេស Worldcrunch នៅថ្ងៃទី២៥តុលានេះ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា« កម្ពុជាបានក្លាយជាមណ្ឌលនៃការឆបោកតាមប្រព័ន្ធអនឡាញប្រចាំអាស៊ី»។ សារព័ត៌មានមួយនេះក៏រាប់បញ្ចូលផងដែរ ការធ្វើពលកម្មដោយបង្ខំ និងការជួញដូរមនុស្សនៅកម្ពុជាដែលប្រទេសចិននៅពីក្រោយ។ ប៉ុន្តែយ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មិនចម្លែកចិត្តជាមួយនឹងការចុះផ្សាយនេះឡើយដោយសំអាងថា រដ្ឋាភិបាលកំពុងសកម្មក្នុងការស្ដារបញ្ហានេះនិងបានចាត់ទុកថា ការរំលេចបញ្ហាផ្សេងៗទៅជាមួយដើម្បីតែបន្ទុះបង្អាប់កម្ពុជានៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ។

កម្ពុជាត្រូវបានចុះផ្សាយក្នុងអត្ថបទព័ត៌មានជាច្រើនក្នុងឆ្នាំនេះពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអ៊ីនធើណេត ការធ្វើពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស។ នេះជាកំណត់សម្គាល់ដែលបានលើកឡើង នៅក្នុងអត្ថបទព័ត៌មាន Worldcrunch ចុះផ្សាយនៅថ្ងៃអង្គារទី២៥តុលានេះ ដោយមានចំណងជើងថា «របៀបដែលកម្ពុជា ក្លាយជាមណ្ឌលនៃការឆបោកតាមប្រព័ន្ធអនឡាញប្រចាំអាស៊ី។ បើតាមសារព័ត៌មានដដែល ហេតុផលចម្បងដែលនាំឲ្យកើតមានរូបភាពនេះ គឺដើម្បីផលចំណេញសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយកម្ពុជាបានលក់អចលនទ្រព្យទៅជនជាតិចិនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើស និងបានចាត់ទុកគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលនាំមកជាមួយលំហូរអាជីកម្មផ្លូវភេទ ល្បែងស៊ីសង គ្រឿងញៀនពីសំណាក់ជនជាតិចិន ចូលក្នុងប្រទេសកម្ពុជា។ Worldcrunch ក៏បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនទៀតថា ការរីកដុះដាលនៃបទល្មើសដូចបានរៀបរាប់ខាងលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីមួយចំនួនទៀតជាអ្នកទទួលផលចំណេញពីបទល្មើសទាំងនេះ ទើបនាំឲ្យបទល្មើសរីកដុះដាលនៅក្នុងប្រទេស។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានការពារគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដែលសារព័ត៌មាន Worldcrunch ទាញភ្ជាប់នឹងភាពអសកម្មដែលកំពុងតែកើតមាននៅកម្ពុជា។ ផ្ទុយទៅវិញគម្រោងនេះជាគម្រោងអន្តរជាតិដ៏ធំមហិមាហើយកម្ពុជាទទួលបានផលពីនេះយ៉ាងច្រើនសន្ធឹក ហើយការទាញភ្ជាប់ក្រុមគ្រួសារនាយករដ្ឋមន្ត្រីទៅជាមួយមានទិសដៅក្នុងវាយប្រហារផ្នែកនយោបាយប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន អាជ្ញាធរកម្ពុជាកំពុងរុលទៅមុខក្នុងការទប់ស្កាត់ការប្រើប្រាស់កម្ពុជាជាទីតាំងជួញដូរមនុស្សនិងទប់ស្កាត់បញ្ហាមួយចំនួនទៀត។

យោងតាមវីដេអូឯកសារផលិតដោយ Aljazeera នៅខែកក្កដាឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេស នៅភាគខាងលិចខេត្តពោធិ៍សាត់ តាមការពិត ត្រូវបានជួលសម្រាប់ជនបរទេស ដើម្បីជាទីតាំងនៃ ការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត។ ជុំវិញការចុះផ្សាយរបស់បណ្ដាសារព័ត៌មានបរទេសលោក ហ៊ុន សែន ធ្លាប់និយាយនៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា រូបភាពរបស់កម្ពុជា មានពីរ គឺកម្ពុជាពិត និងកម្ពុជានៅលើបណ្ដាញសារព័ត៌មាន៕

website_news/2022281001.txt · Last modified: 2022/10/28 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki