website_news:2022281002

ប៉ូលិសស្រឡាំងកាំង ភ្ញាក់ស្ទើរដាច់ផ្ងារ ខណៈឃើញបែបស្រ្តីជនជាតិភូមា បានបង្កប់ខ្លួននៅបាតទ្រុងរថយន្តភីកអាប់កែច្នៃមួយគ្រឿង

https://cen.com.kh/archives/560390.html Posted ByLeng KhunOctober 27, 2022

ប៉ូលិសស្រឡាំងកាំង នៅពេលបានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ពីរនាក់ ជាស្រ្តីជនជាតិភូមា បានបង្កប់ខ្លួននៅបាតទ្រុងរថយន្តភីកអាប់កែច្នៃមួយគ្រឿង ស្ថិតនៅខេត្តតាក ភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ប៉ូលិសបាននិយាយថា “ចារកម្ម” បានជូនដំណឹងដល់ប៉ូលីសថា បុរសជនជាតិថៃពីរនាក់ បានកំពុងបើករថយន្តភីកអាប់ Isuzu ពណ៌ស ពាក់ស្លាក Bangkok កំពុងដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលទើបតែលួចឆ្លងព្រំដែនពីមីយ៉ាន់ម៉ា ចូលមកប្រទេសថៃ។

ខណៈកំពុងរង់ចាំត្រួតពិនិត្យនៅគោលដៅ ប៉ូលិសក៏បានប្រទះឃើញរថយន្តខាងលើឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ។ ក្នុងរថយន្ត គេបានរកឃើញបុរស២នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរជាមួយ ។ ដំបូង មន្រ្តីមិនអាចរកឃើញអ្វីខុសប្រក្រតី ហើយស្ទើរតែអនុញ្ញាតឲ្យពួកគេបើករថយន្តចាកចេញ។ ទោះបីជាយ៉ាងណា ដោយទុកចិត្តចារកម្ម ប៉ូលិសបានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ដោយបានលើកកំរាលក្រហម ហើយក៏មានការសង្ស័យតែម្តង ខណៈឃើញស្នាមកាត់ទ្រុងនៅផ្នែកខាងមុខ។ បន្ទាប់មក ប៉ូលិសក៏បានទៅបើកគម្របនោះ ក៏ប្រទះឃើញស្ត្រីជនជាតិភូមាវ័យក្មេងពីរនាក់ពាក់ម៉ាស់មុខ កំពុងដេកនៅក្នុងនោះ។ ហើយស្រ្តីវ័យក្មេងទាំងពីរនាក់នោះ ក៏ពុំត្រូវបានរកឃើញមានឯកសារអន្តោប្រវេសន៍ណាមួយបានទេ។ មិនចាំយូរ ប៉ូលិសបានចាប់ខ្លួនបុរសថៃទាំងពីរនាក់ ដែលបានសារភាពថា ពួកគេបានរត់ពន្ធស្រ្តីជនជាតិភូមាចូលប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។

គួរបញ្ជាក់ថា ប្រទេសផ្សេងទៀត អាចចាត់ទុកប្រជាជនភូមា ដែលរត់ចេញពីភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាជនភៀសខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃជាធម្មតាមិនទទួលស្គាល់ពួកគេធ្វើបែបនេះទេ ដែលនាំឱ្យប្រជាជនភូមាជាច្រើនឆ្លងដែនខុសច្បាប់របស់ប្រទេសថៃ ដើម្បីស្វែងរកឱកាសកាន់តែច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

website_news/2022281002.txt · Last modified: 2022/10/28 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki