website_news:2022281201

កម្ពុជាមានគម្រោងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឆ្នាំក្រោយ

https://www.kampucheathmey.com/local-news/437774 ថ្ងៃអង្គារ ២៧ ធ្នូ២០២២ដោយ Sokhom Khon

កម្ពុជាមានគម្រោងបញ្ជួនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឆ្នាំ២០២៣ខាងមុខនេះ ដែលជាទីផ្សារថ្មីមួយទៀតដែលនឹងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ធ្នូនេះថា តាមគម្រោងយើងនឹងចាប់ផ្តើមធ្វើការចរចារជាមួយប្រទេសអ៊ីស្រាអែល នៅដើមត្រីមាសទី៣ទៅលើនីតីវិធីនានាក្នុងការបញ្ជួនពលករដើម្បីធ្វើយ៉ាងណារៀបចំបញ្ជូនពលករយើងទៅធ្វើការឱ្យបាននៅឆ្នាំ២០២៣។ លោកបានបន្តថា «យើងកំពុងចចារជាមួយអ៊ីស្រាអែលនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយក្នុងផែនការយើងបញ្ជួនពលករទៅក្នុងឆ្នាំ២០២៣នេះលើវិស័យកសិកម្ម»។ លោកបានបន្តទៀតថា អ៊ីស្រាអែលដែលជាប្រទេសមានការរីកចំរើនខ្លាំងលើវិសិ័យកសិកម្ម គឺជាទីផ្សារថ្មីមួយទៀតសម្រាប់ពលករកម្ពុជាក្នុងការទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែមទៀតទាក់ទិននិងវិស័យកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅចំនួន ១ ២២០ ១៩៧នាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារផងដែរ៕ អត្ថបទ៖ សំអឿន

website_news/2022281201.txt · Last modified: 2022/12/28 08:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki