website_news:2022281202

ក្រុងតៃប៉ិស្នើឲ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរជាងមុនចំពោះឧក្រិដ្ឋកម្មនៅបរទេស និងការឆបោកមនុស្ស

https://www.khmertimeskh.com/501209526// Khmer Times December 27, 2022

គណៈរដ្ឋមន្ត្រីតៃប៉ិបានស្នើដាក់ទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរ ចំពោះឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងការឆបោកប្រជាជនខ្លួនឱ្យប្រព្រឹត្តិបទល្មើសនៅក្រៅប្រទេស បន្ទាប់ពីប្រតិបត្តិការបោកប្រាស់ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាមួយចំនួនត្រូវបានរកឃើញថាមានជនជាតិតៃវ៉ាន់បានចូលរួមផងដែរនោះ។ គណៈរដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្រោមសំណើនេះ រាល់បទល្មើសពាក់ព័ន្ធនឹងការល្បូងជនជាតិតៃវ៉ាន់ឱ្យចូលរួមជាមួយអង្គការឧក្រិដ្ឋកម្មនៅក្រៅប្រទេសចិន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០លានដុល្លារតៃវ៉ាន់ (៦៥៣,៦៤៨ ដុល្លារ) ។ ប្រសិនបើជនល្មើសកំណត់គោលដៅលើជនរងគ្រោះដែលមានអាយុក្រោម ១៨ ឆ្នាំ ទោសនឹងត្រូវកើនឡើងពាក់កណ្តាល នេះបើយោងតាមវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃទី១៥ខែធ្នូ។

យោងតាមច្បាប់ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម ការជ្រើសរើសមនុស្សឲ្យចូលរួមប្រព្រឹត្តិបទលើ្មសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០លានដុល្លារតៃវ៉ាន់ ដោយមិនគិតពីថាតើឧក្រិដ្ឋកម្មកើតឡើងនៅតៃវ៉ាន់ ឬនៅក្រៅប្រទេសនោះទេ។ ទន្ទឹមនឹងនោះ វិសោធនកម្មបានចែងថា ទ្រព្យសម្បត្តិរបស់ក្រុមណាដែលគាំទ្រអង្គការឧក្រិដ្ឋកម្ម ដូចជាការផ្តល់មូលនិធិ ឬការជ្រើសរើសបុគ្គលិក នឹងត្រូវរឹបអូសបន្ទាប់ពីសងសំណងដល់ជនរងគ្រោះ។ វិសោធនកម្មដែលព្រាងដោយក្រសួងយុត្តិធម៌នឹងត្រូវគណៈរដ្ឋមន្ត្រីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិដើម្បីពិចារណា។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើវិសោធនកម្មត្រូវបានអនុម័ត ជនដែលត្រូវបានផ្តន្ទាទោសពីបទពាក់ព័ន្ធនឹងការជួញដូរជនជាតិតៃវ៉ាន់មកកម្ពុជា ដើម្បីប្រព្រឹត្តិបទល្មើសដូចជាការឆបោកតាមទូរគមនាគមន៍ ការកេងប្រវ័ញ្ចផ្លូវភេទ និងការវះយកសរីរាង្គនឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងនេះ ។ គិតត្រឹមថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលតៃវ៉ាន់បានជួយជនជាតិតៃវ៉ាន់ឱ្យវិលត្រឡប់មកប្រទេសកំណើតវិញមានចំនួន ៤០៣នាក់ ដែលភាគច្រើនត្រូវបានគេល្បួងមកប្រទេសកម្ពុជាដោយសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ហើយបន្ទាប់មកពួកគេត្រូវបានបង្ខំឱ្យធ្វើការឱ្យក្រុមឧក្រិដ្ឋជន ប៉ុន្តែមនុស្សប្រហែល ៣០០ នាក់ត្រូវបានគេជឿថា ត្រូវបានគេបង្ខាំងនៅក្នុងប្រទេសកម្ពុជា នេះបើតាមលោក Wallace Chow អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសក្រសួងការបរទេស៕ Focus Taiwan

website_news/2022281202.txt · Last modified: 2022/12/28 08:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki