website_news:2022290301

នាយករដ្ឋមន្ត្រីកម្ពុជា ៖ អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនមានប្រមាណជាង១ពាន់នាក់

https://kohsantepheapdaily.com.kh/ ភ្នំពេញ២៨ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១០:១៥

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកពីថៃ ជាង១០០០នាក់បានកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ។ សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថា នៅក្នុងប្រទេសជិតខាងអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនកើន ជាក់ស្តែងនៅក្នុងប្រទេសថៃមានអ្នកឆ្លងមានរហូតដល់៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ក្នុងពេលកម្ពុជាកំពុងធ្លាក់ចុះអ្នកឆ្លងជំងឺនេះ ។ សម្តេចបញ្ជាក់ថា ៖«យើងកំពុងធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ នៅតាមច្រកព្រំដែនកម្ពុជា ថៃ ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដែលធ្វើដំណើរពីប្រទេសថៃមក យើងត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលមកដល់ពេលនេះនៅសល់ប្រមាណជាង១០០០នាក់ នៅក្នុងមណ្ឌលចត្តាឡីស័កនានា នៅព្រំដែនកម្ពុជា-ថៃ»។

សម្តេចក៏បានលើកឡើងថា ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែននេះដែរ មានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីម្នាក់ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីអ្នកធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា- ថៃ ដោយផ្ញើមកសម្តេចផ្ទាល់ផងដែរ។ ជាមួយនោះដែរ សម្តេចក៏បានលើកឡើងថា ចំពោះអ្នកដែលមកពីក្រៅប្រទេសទាំងឡាយ ដែលមកតាមព្រលានយន្តហោះ គឺសម្តេចបានអនុញ្ញាតឲ្យលើកលែងទាំងការធ្វើចត្តាឡីស័កការធ្វើតេស្តការតម្រូវវិញ្ញាបណ្ណបត្រ៧២ម៉ោងក៏ត្រូវការដែរ។ អីញ្ចឹងពេលមកដល់សុំវីសាក៏មិនចាំសុំកន្លែងណាទេ គឺផ្តល់ឲ្យតែម្តង។

សម្តេចបន្តថា ការធ្វើបែបនេះ ដើម្បីសម្រួលដល់អ្នកធុរៈកិច្ច អ្នកការទូត អ្នកទេសចរណ៍មកកម្ពុជា ។ តែយើងមិនអាចមើលស្រាលចំពោះអ្វីដែលបានកំពុងកើតនៅក្នុងប្រទេសរបស់យើងនោះទេ ។ សម្តេចថា ៖«យើងធូរស្រាលក៏តែយើងនៅតែប្រឹងប្រែងតាមដានពិនិត្យបញ្ហានេះ និងតាមដានបញ្ហានេះឲ្យជាប់» ៕

website_news/2022290301.txt · Last modified: 2022/03/29 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki