website_news:2022290404

ចាប់រថយន្តដឹកស្ពៃ ធ្វើបន្ទប់សម្ងាត់លួចដាក់ពលករខុសច្បាប់ចូលក្នុងប្រទេសថៃ

https://kbn.news/ April 28, 2022

ប្រទេសថៃ៖ ករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងយប់ បន្ទាប់ពីប៉ូលីសបានឃាត់រថយន្តដឹកស្ពៃមួយគ្រឿង និងមានការសង្ស័យ ក៏បានធ្វើការឆែកឆេរស្រាប់តែបានរកឃើញពលករខុសច្បាប់ជាច្រើននាក់សំងំក្នុងបន្ទាប់សម្ងាត់ដែលបានច្នៃធ្វើជាបន្ទប់លាក់ពលករក្នុងគំនរបន្លែទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។ ករណីនៃការបង្ក្រាបជាមួយនឹងរថយន្តដឹកបន្លែ លួចលាក់បញ្ជូនពលករខុសច្បាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ និង ០០នាទីទៀបភ្លឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ មេសុត – អ៊ុ ផាង ភូមិ ៩ ឃុំ ចុងឃ្វា ស្រុក ភោគប្រា ខេត្តតាក ក្នុងប្រទេសថៃ។ ដោយនៅក្នុងប្រតិបត្តិការណ៍នោះលោក វរសេនីយ៍ទោ អូប៉ាស គង់មឿង ស្នងការរងនគរបាលខេត្ត តាកផ្ទាល់រួមជាមួយនឹងកងកំលាំងជាច្រើនទៀតចុះត្រួតពិនិត្យរថយន្តធ្វើដំណើរនៅតាមដងផ្លូវ ដើម្បីស្ទាក់ចាប់ និង រកមើលពលករចំណាក ស្រុកខុសច្បាប់។ ដំបូងឡើយក្រុមប៉ូលីសបានឃើញរថយន្តដឹកបន្លែពីរគ្រឿងធ្វើដំណើរក្នុងល្បឿនលឿន ហើយក៏ឃាត់សាកសួរ លុះម្ចាស់បើកបរដែលជាតៃកុងឡាននោះមានសភាពភ័យ ញ័រក្នុងពេលសាកសួរ សមត្ថកិច្ចមានការសង្ស័យបានទៅឆែកឆេរ ក្នុងរថយន្តបន្លែទាំងពីរគ្រឿងនោះ ស្រាប់តែបានឃើញនូវពលករចំណាកស្រុកខុសច្បាប់សំងំនៅក្នុងបន្ទប់សម្ងាត់មួយក្នុងគំនរបន្លែនោះជាច្រើននាក់ ដែលមានលក្ខណៈចង្អៀតហប់ស្ទើរតែគ្មានខ្យល់ដកដង្ហើម ហើយក៏នាំចេញយកមកសាកសួរទើបដឹងថា ពលករទាំងនោះមានចំនួន១៤នាក់ ពួកគេធ្វើចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ា ដើម្បីមករកការងារធ្វើក្នុងប្រទេសថៃ ក្នុងនោះពួកគេត្រូវបង់កម្រៃជើងសារដល់អ្នកដឹកជញ្ជូនក្នុងម្នាក់ ៣០,០០០ បាត។ យ៉ាងណាមិញបន្ទាប់ពីមានការចុះបង្ក្រាបនូវជនចំណាកស្រុកចូលក្នុងប្រទេសថៃខុសច្បាប់រួចមកសមត្ថកិច្ចក៏នឹងរៀបចំនូវឯកសារដើម្បីបញ្ជូនអ្នកទាំង១៦នាក់នោះទៅកាន់ផ្លូវច្បាប់បន្តទៅទៀត៕ ប្រភព៖ Khaosod

website_news/2022290404.txt · Last modified: 2022/04/29 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki