website_news:2022290407

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ អំពាវនាវដល់ពលរដ្ឋខ្មែរកុំឲ្យបន្តចាញ់បោកមេខ្សល់នាំឆ្លងទៅប្រទេសថៃ

https://gdlf-kh.com/ 2022/04/28/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ បើទោះបីជាមានការរឹតបន្តឹងតាមបន្ទាត់ព្រំដែនយ៉ាងណា ក៏នៅមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃហើយត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ ជាក់ស្តែងនៅវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តម្រួតព្រំដែនថៃកងអនុសេនាធំលេខ១២៤ (តឆដ.១២៤) បានឃាត់ពលរដ្ឋខ្មែរចំនួន១២៧នាក់ ត្រង់ចំណុចភូមិណងព្រឺ ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យ ដឹងថា ៖ ពលរដ្ឋខ្មែរត្រូវបានថៃឃាត់ខ្លួនចំនួន ១២៧នាក់ (ស្រី៣៩នាក់ កុមារ០៧នាក់) តាមការឲ្យដឹងពីសមត្ថកិច្ចថៃ ដែលបានសួរនាំពួកគាត់បានប្រាប់ថា មកពីខេត្តបន្ទាយមានជ័យ,បាត់ដំបង,តាកែវ,ព្រៃវែង,សៀមរាប។បន្ទាប់ពីធ្វើការសួរនាំ និងធ្វើតេស្តរកមេរោគកូវីដ-១៩ រួច តម្រួតព្រំដែនថៃបានបញ្ជូនប្រជាពលរដ្ឋខ្មែរទាំង១២៧នាក់ ទៅឲ្យតម្រួតអន្តោប្រវេសន៍ថៃប្រចាំស្រុកអារញ្ញ ដើម្បីចាត់វិធានការបន្ត ។

ទាក់ទិននឹងករណីឆ្លងដែនខុសច្បាប់នេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឈប់ចាញ់បោកមេខ្សល់ទៀត បើទោះបីជាបងប្អូនឆ្លងដែនផុតពីកម្ពុជាមែន ប៉ុន្តែពេលថៃចាប់បានក៏បញ្ជូនមកខ្មែរវិញ ដែលនាំឲ្យបងប្អូនខាតបង់ប្រាក់កាស ដោយកត្តាចាញ់បោកមេខ្សល់និងខាតពេលវេលាទៀតផង ។ លោកសុំឲ្យប្រជាពលរដ្ឋរកការងារធ្វើនៅក្នុងស្រុកជាការល្អ ឬក៏ដាំដំណាំ ចិញ្ចឹមសត្វដើម្បីរកចំណូលទ្រទ្រង់ជីវភាព ព្រោះខណៈពេលនេះប្រទេសទាំង០២ កំពុងរួមគ្នាទប់ស្កាត់ ការឆ្លងរាលជម្ងឺកូវីដ-១៩។ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោលេខ៨១៥ បានបញ្ជាក់ទៀតថា៖ ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាព រវាងសមត្ថកិច្ចការពារព្រំដែននៃប្រទេសទាំង០២ នៅវេលាម៉ោង០៩ដល់ម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ក្បាលទំនប់ចំនួន ០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ និងទាហាន(ព្រាន) ឈុនខ្មៅថៃកងអនុសេនាធំលេខ ១៣.០៥ ចំនួន១៥នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់បួបាន មេបញ្ជាការ កងអនុសេនាធំ បានជួបពិភាក្សាគ្នានៅចំណុច មាត់អូរព្រំដែនខាងទឹកដីថៃ ស្ថិតក្នុងភូមិគុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ការជួបពិភាក្សានេះក្នុងគោលបំណងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្តាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក រាល់បទល្មើសកើតមានតាមបន្ទាត់ព្រំដែន ៕

website_news/2022290407.txt · Last modified: 2022/04/29 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki