website_news:2022290410

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ដើម្បីអនុវត្តការងារប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ មន្ត្រីអនុវត្តច្បាប់ ត្រូវយល់ដឹងអំពីបទល្មើសនេះ

https://www.gntimes.com/ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ ក៏ទាមទារជាចាំបាច់ផងដែរឱ្យមន្រ្តីអនុវត្តច្បាប់ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីទម្រង់ផ្សេងៗ នៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ពីចរិកលក្ខណៈ និងកលល្បិចរបស់ជនល្មើស, ឧត្តម្មានុវត្តក្នុងការស៊ើបអង្កេត និងកិច្ចការពារជនរងគ្រោះ ក៏ដូចជា បញ្ហាប្រឈមផ្សេងៗក្នុងការស៊ើបអង្កេតបទល្មើស បន្ថែមលើចំណេះដឹងស៊ីជម្រៅផ្នែកបច្ចេកទេសច្បាប់ និងនីតិវិធី។ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងដៃគូដែលមានការពាក់ព័ន្ធផ្សេងទៀត។

លោក កើត រិទ្ធបានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការងារការពារសិទ្ធិកុមារ និងការគាំពារកុមារពីការរំលោភបំពានផ្សេងៗតាមគ្រប់រូបភាព គឺជាការងារអាទិភាព ដោយហេតុថា កុមារគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ហើយការអភិវឌ្ឍកុមារ គឺជាកូនសោគន្លឹះដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង។ ទន្ទឹមនេះ កន្លងមកកម្ពុជាបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងច្រើន ដែលបង្កើតបានជាក្របខណ្ឌគតិយុត្តរឹងមាំ ដើម្បីផ្តល់នូវការគាំពារផ្លូវច្បាប់ដល់កុមារប្រឆាំងរាល់ទម្រង់នៃការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍នៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា និងអ៊ីនធឺណិត, ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កំពុងរីករាលដាល និងកំពុងក្លាយជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូល និយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក ដែលទាមទារនូវការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងលើការលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងដ៏ត្រឹមត្រូវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ទាំងលើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការច្បាប់ចំពោះបទល្មើស។

website_news/2022290410.txt · Last modified: 2022/04/29 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki