website_news:2022290601

ការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែតស្ថិតក្នុងហានិភ័យខ្ពស់ ខណៈកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 28/06/2022

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមអង្គការសិទ្ធិកុមារបានទទួលស្គាល់ថា ការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែតគឺកំពុងតែធ្វើឲ្យការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតកាន់តែកើននៅអំឡុងពេលកូវីដ១៩។ ការលើកឡើងនេះ គឺក្នុងសិក្ខាសាលាស្តីពីការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ នៅថ្ងៃអង្គានេះ ខណៈកុមារកម្ពុជាប្រមាណ៣លានលានកំពុងប្រើអ៊ីនធឺណែតដើម្បីសិក្សានៅអំឡុងកូវីដ១៩ ក្នុងនោះការរាយការណ៍ពីការរំលោភបំពានផ្លូវភេទមានជាង៤០ម៉ឺនករណី។ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតដើម្បីកុមារសិក្សាដោយសារតែកូវីដ១៩ បានធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនដល់កុមារដូចជា ការគំរាមកំហែង ការបោកប្រាស់ ការបៀតបៀនផ្លូវភេទ និងការធ្វើបាបពីជនមិនស្គាល់មុខលើសតិអារម្មណ៍ និងស្មារតីរបស់ពួកគេ។

ករណីនៃការរាយការណ៍ពីការរំលោភបំពានផ្លូវភេទចំពោះកុមារលើបណ្តាញអ៊ីនធឺណែត បានកើនឡើង៣៥% នៅឆ្នាំ២០២១ ខ្ពស់ជាងឆ្នាំ២០២០ ពោលកើនឡើងពី២០លានទៅ២៩លានករណី ក្នុងនោះនៅកម្ពុជាមានជាង៤០ម៉ឺនករណី កើនលើសជាងទ្វេរដង។ នេះបើតាមការសិក្សារបស់អង្គការអាមេរិកាំងមួយឈ្មោះកាត់ថា (NCMEC)។ នៅកម្ពុជាកិច្ចពិគ្រោះយោបល់ជាមួយយុវជន និងកុមារដែលធ្វើឡើងនៅឆ្នាំ២០២០ ដោយសម្ព័ន្ធអង្គការសិទ្ធិកុមារ បានរកឃើញថា ១៥% នៃកុមារដែលចូលរួមពិគ្រោះយោបល់ បានរាយការណ៍ថា ពួកគេធ្លាប់មានជនមិនស្គាល់មុខ ទាក់ទងតាមបណ្តាញសង្គម។ កុមារ២%បាននិយាយទៀតថា ពួកគេធ្លាប់ត្រូវបានគេស្នើសុំចែករំលែករូបភាព សកម្មភាពមិនសមរម្យ និងរូបភាពបែបស្និទស្នាល នៅមុខកាមេរ៉ាដែលភ្ជាប់នឹងអ៊ីនធឺណែត។ បើតាមលោក នាង ម៉ៅ អគ្គនាយកបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ នៅកម្ពុជាថ្មីៗនេះ ក៏សង្កេតឃើញមានការជួញដូររូបភាពអាសអាភៀសកើតឡើងជាបន្តបន្ទាប់លើបណ្តាញសង្គម។ លោកគូសបញ្ជាក់ថា ដោយមានកំណើនចរាចរណ៍ករណីរំលោភបំពាន និងផ្សព្វផ្សាយរូបភាពអាសអាភៀស របស់កុមារលើបណ្តាញអ៊ីនធឺណែត ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនលើពិភពលោកបាននិងកំពុងចាត់វិធានការទប់ស្កាត់ ដោយប្រើប្រាស់បច្ចេកវិទ្យាផ្សេងទៀតដូចជាការប្រើប្រាស់ប្រព័ន្ធសញ្ញានិមិត្ត ដើម្បីពិនិត្យរូបភាព និងកំណត់អត្តសញ្ញាណជនរងគ្រោះ ជនល្មើស និងទីតាំង។

លោក Anirban Chatterjee តំណាង UNICEF ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា កំណើននៃភាពងាយគ្រោះទៅលើកុមារនៅតាមអ៊ីនធឺណែត គឺដោយសារតែពិភពលោកឈានទៅប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងឆាប់រហ័ស។ លោកអះអាងថា UNICEF ប្តេជ្ញាបន្តសហការជាមួយរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធានាថា កុមារកម្ពុជាគ្រប់រូប ទទួលបានសារប្រយោជន៍ពីពិភពឌីជីថល ទន្ទឹមនឹងទទួលបានការការពារចៀសផុតពីគ្រោះថ្នាក់តាមប្រព័ន្ធអនឡាញ៕

website_news/2022290601.txt · Last modified: 2022/06/29 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki