website_news:2022290602

វៀតណាមជួយសង្គ្រោះពលរដ្ឋ ៤០០នាក់ដែលបានចាញ់បោកមកធ្វើការខុសច្បាប់នៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times June 28, 2022

អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នាបញ្ជូនពលរដ្ឋវៀតណាម ៤០០នាក់ ដែលត្រូវបានចាញ់បោក និងត្រូវបានគេយកមកលក់នៅកម្ពុជា។ មកទល់ពេលនេះ អាជ្ញាធរវៀតណាម និងកម្ពុជា បានធ្វើការរួមគ្នាដើម្បីពិនិត្យករណីដែលជនជាតិវៀតណាមត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា កិច្ចសហការគ្នានេះបានបណ្តាលឱ្យជនជាតិវៀតណាមជិត៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកផ្ទះវិញ។

មួយរយៈចុងក្រោយនេះ ត្រូវបានគេរាយការណ៍កាន់តែច្រើនឡើងថា មានជនជាតិវៀតណាមជាច្រើនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា។ ក្នុងករណីភាគច្រើន ក្រុមជួញដូរបានផ្សព្វផ្សាយសេវាកម្មរបស់ពួកគេនៅលើ Facebook និង Zalo ដែលជាកម្មវិធីផ្ញើសារ និងហៅទូរសព្ទរបស់វៀតណាម ដោយផ្តោតលើមនុស្សដែលមានអាយុគ្រប់ធ្វើការ ប៉ុន្តែមិនមានការងារ ដោយសន្យាថានឹងអោយការងារល្អជាមួយនឹងប្រាក់ខែរហូតដល់រាប់ពាន់ដុល្លារ។ ជាធម្មតា ជនរងគ្រោះត្រូវបានរត់ពន្ធចូលប្រទេសកម្ពុជាតាមផ្លូវខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ម្ចាស់ក្រុមហ៊ុនបែបនេះបង្គាប់អោយបុគ្គលិកវៀតណាមរបស់ពួកគេឱ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដោយបន្លំជាគេហទំព័រពាណិជ្ជកម្មឬវិនិយោគហិរញ្ញវត្ថុដើម្បីបោកបញ្ឆោតអតិថិជនដែលមិនមានការសង្ស័យ។

បើមិនព្រមធ្វើទេ អ្នកធ្វើការជនជាតិវៀតណាមទាំងនោះនឹងត្រូវគេវាយធ្វើបាប រួមទាំងបង្អត់អាហារផងដែរ។ ក្នុងករណីផ្សេងទៀត អ្នកដែលត្រូវបានគេរត់ពន្ធមកកម្ពុជារួមមានស្ត្រីវ័យក្មេងត្រូវបានបង្ខំឱ្យធ្វើជាស្ត្រីពេស្យាចារ។ ជនរងគ្រោះបានប្រាប់ប៉ូលីសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាម ត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាប្រហែល ៨០-១០០ លានដុង (៣,៤៤៦ ដុល្លារ)៕ e.vnexpress.net

website_news/2022290602.txt · Last modified: 2022/06/29 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki