website_news:2022290802

សម្តេច ស ខេង ៖ ជិត៨ខែនេះ អាជ្ញាធរកម្ពុជាសង្រ្គោះជនបរទេសជិត១ពាន់នាក់ពីការជួញដូរមនុស្ស

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៦ សីហា ២០២២ដោយ vann sokunthea

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជា បានរកឃើញ និងជួយសង្រ្គោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះចំនួន៨៧ករណី ស្មើនឹងប្រមាណ៨៦៥នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ១៧ករណី មានជនសង្ស័យសរុប៦០នាក់។

ចំណែក នៅក្នុងសប្តាហ៍ទី៤នៃខែសីហានេះវិញ អាជា្ញធរកម្ពុជាបានជួយសង្រ្គោះជនរងគ្រោះចំនួន៧ករណី សង្រ្គោះបាន២៥នាក់ មាន៦សញ្ជាតិ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៣នាក់ មាន៤សញ្ជាតិ។ ការជួយសង្រ្គោះនេះ ធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ខេត្តពោរធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ អាជ្ញាធរកម្ពុជា ក៏កំពុងបន្តស្រាវជ្រាវ ដើម្បីសង្រ្គោះ និងបង្រ្កាបបន្ថែមទៀតផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដដែលនៅក្នុងសេចក្តីអំពាវនាវនៅថ្ងៃទី២៦ ខែសីហានេះ។

ចំពោះការជួញដូរមនុស្សនេះ អាជ្ញាធរកម្ពុជា បានរកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញសង្គម ធ្វើការឆបោកឲ្យឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលមានប្រាក់ឈ្នួលខ្ពស់។ ប៉ុន្តែ ជាក់ស្តែង ជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាម៉ីខ្លួន។ ករណីខ្លះទៀត ត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនបើមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។

សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ទាំងនេះ។ ជាមួយគ្នានេះ សម្តេច ក៏បានបន្តប្តេជ្ញាធ្វើប្រយុទ្ធប្រឆាំង និងអនុវត្តច្បាប់ទៅលើមេក្លោងដែលធ្វើសកម្មភាពទាំងអស់នេះនៅក្នុងទឹកដីរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលពេលវេលាប្រកបដោយប្រសិទ្ធភាព។ ការផ្តល់ព័ត៌មានអំពើបញ្ហានេះ អាចធ្វើឡើងតាមរយៈ ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម (Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister) តាមរយៈលេខទូរស័ព្ទ Hotlineរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ១១៧ និង(+៨៥៥) ៣១ ២០១ ២៣៤៥ តាមរយៈទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police និងទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI៕ ដោយ៖ វណ្ណ សុគន្ធា

website_news/2022290802.txt · Last modified: 2022/08/29 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki