website_news:2022290803

សម្តេច ស ខេង សោកស្តាយ និងសូមថ្កោលទោស ចំពោះអំពើដ៏អមនុស្សធម៌ នៃការជួញដូរមនុស្ស

https://cen.com.kh/ Posted ByPen Srey NeatAugust 26, 2022

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជម្រាប់ជូនសាធារណជនជាតិ-អន្តរជាតិ ជ្រាបថា ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្តឹងពីជនបរទេស និងស្ថាន តំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំ ស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្ដឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមការកំណត់ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ជាក់ស្តែង គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ច ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្ត ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

ទន្ទឹមនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកបទសកម្ពុជា ក្រោមការសន្យាផ្ដល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះ ត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំពិតជា មានការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្តល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេល កន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។ ក្នុងន័យនេះ ខ្ញុំសូមធ្វើការអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេស ពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

សម្តេចក្រឡាហោម ស ខេង សង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធន បណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022290803.txt · Last modified: 2022/08/29 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki