website_news:2022290804

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ពីការជួយអន្តរាគមន៍ជនទេសរងគ្រោះ ដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា

https://cen.com.kh/ Posted ByPen Srey NeatAugust 26, 2022

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរី បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ ខែសីហានេះថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ស្ថានទូតបរទេសមួយចំនួនបានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយសារការប.ង្ខាំង និងប.ង្ខំឱ្យធ្វើការនៅកម្ពុជា ក្នុងនោះមាន ពលរដ្ឋបង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។ លោកជុំ សុន្ទរី បានបន្តថា ក្រសួងការបរទេសតែងតែសម្របសម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍។ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស។

បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា តពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្ត ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

ទន្ទឹមនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2022290804.txt · Last modified: 2022/08/29 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki