website_news:2022290805

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសឲ្យពលរដ្ឋទូទាំងប្រទេស និងជនបរទេស ទូរស័ព្ទទៅលេខ ១១៧ ក្នុងករណីមានការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ ខណៈ ១១៧ បានបន្ថែមន្ត្រីប្រចាំការដែលចេះភាសារបរទេស

https://gntimes.com/ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នេះ បានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជនបរទេស បើមានករណីពាក់ព័ន្ធនឹងការបង្ខាំងមនុស្សខុសច្បាប់ ឬ ការជួញដូរមនុស្សគ្រប់ទម្រង់ សូមទំនាក់មកលេខ Hotline ១១៧ ខណៈដែលបច្ចុប្បន្ន មជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានបន្ថែមមន្ត្រីនគរបាលជាតិប្រចាំការ ដែលចេះនិយាយភាសារអង់គ្លេស, ភាសាចិន និងភាសារវៀតណាម ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវឲ្យប្រជាជនទូទាំងប្រទេស គ្រប់មជ្ឈដ្ឋានទាំងអស់ សូមចូលរួមសហការ លុបបំបាត់អំពើជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់គ្រប់ទម្រង់ ដោយទំនាក់ទំនងមកលេខ Hotline ១១៧ និងផ្តល់ទំនុកចិត្តឲ្យ ១១៧ ។

គួរកត់សម្គាល់ថា បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសលេខទូរស័ព្ទ Hotline ១១៧ សម្រាប់ប្រជាពលរដ្ឋរាយការណ៍រាល់ករណីកើតឡើងពិតប្រាកដ នៅទូទាំងប្រទេស ពេញ ២៤ ម៉ោងលើ ២៤ ម៉ោងនោះមក ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ជឿជាក់ និងលើកសរសើរមិនដាច់ពីមាត់ ខណៈពេលពួកគាត់កំពុងមានបញ្ហាបានរាយការណ៍ទៅសមត្ថកិច្ចតាមលេខទូរស័ព្ទ ១១៧ ដើម្បីសុំកិច្ចអន្តរាគមន៍ ហើយពួកគាត់ទទួលបានការជួយអន្តរាគមន៍ទាន់ពេលវេលា ។

លេខទូរស័ព្ទ Hotline ១១៧ នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម ។ ប្រជាពលរដ្ឋអាចទូរស័ព្ទចូលលេខ ១១៧ មិនអស់ថ្លៃសេវានោះទេ ទោះបីជាទឹកប្រាក់ក្នុងគណនេយ្យអស់ ក៏អាចទូរស័ព្ទចូលបានផងដែរ ៕

website_news/2022290805.txt · Last modified: 2022/08/29 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki