website_news:2022290806

កម្ពុជា-ថៃ ព្រមព្រៀមគ្នាបង្កើតស្ដង់ដាររួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស

https://btv.com.kh/ 2022/08/27 03:23:06 pm

ភ្នំពេញ៖ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា បង្កើតស្ដង់ដាររួមមួយ (SOP) ដើម្បីទប់ស្កាត់ បង្ក្រាបអំពើជួញ ដូរមនុស្សបន្ថែមពីលើការធ្វើបត្យាប័ណ្ណ និងកិច្ចសហការអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ។ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ទាក់ទងកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពី នីតិវិធីច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ចព្រមព្រៀមកិច្ចសហប្រតិបត្តិនេះមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សរវាងប្រទេសទាំងពីរ ដោយនីតិវិធី អនុវត្តការងារបទល្មើសជួញដូរមនុស្សនេះ ប្រទេសទាំងពីរអនុវត្តខុសគ្នាខ្លះ ដូចនេះ ទើបកម្ពុជា-ថៃ រួមគ្នាបង្កើតស្ដង់ដារតែមួយ ដើម្បីអនុវត្តនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ។

លោកជំទាវ បានបន្តថា ប្រទេសទាំងពីរ នឹងបង្កើតមជ្ឈមណ្ឌលមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ធ្វើការរួមគ្នា ខណៈភាគីកម្ពុជាបានរៀបចំយន្តការ តាមកាគ្រោងទុករួច ហើយភាគីថៃ សូមពន្យាពេលដល់ខែតុលា ឆ្នាំ២០២២ ដើម្បីរៀបចំយន្តការរបស់ខ្លួន ដែលបន្ទាប់ពីនោះមក ប្រទេសទាំងពីរនឹងចែករំលែកនូវបទពិសោធន៍ នីតិវិធី វិស័យច្បាប់ ដើម្បីដាក់បញ្ចូលគ្នា ។ នៅខែវិច្ឆិកាចុងឆ្នាំនេះ ភាគីទាំងពីរគ្រោងរៀបចំសិក្ខាសាលារួមគ្នា ហើយមន្ត្រីជំនាញ នឹងស្នើសុំគោលកាណ៍ពីរប្រមុខរាជរដ្ឋាភិបាល ដោយពេលសិក្ខាសាលាទ្វេភាគីនោះ នឹងមានការដាក់បញ្ចូលទៅជាបទដ្ឋាន ឬនីតិវិធីប្រតិបត្តិមួយ ដែលមានលក្ខណៈជាស្ដង់ដារ បើមិនធ្វើបែបនេះទេ គឺប្រព្រឹត្តិទៅមិនលូន ។ លោកជំទាវ ជូន ប៊ុនអេង បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាលើកដំបូងហើយ សម្រាប់ប្រទេសក្នុងតំបន់ ហើយសង្ឃឹមថា វានឹងក្លាយជាគំរូមួយ សម្រាប់ប្រទេសសមាជិក អាស៊ាន ដើម្បីធ្វើការរួមគ្នា ឲ្យកាន់តែជិតស្និទ្ធ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

គួរបញ្ជាក់ថា កម្ពុជាតែងមានករណីអំពើជួញដូរមនុស្ស តាមលក្ខណៈពួកមេខ្យល់នាំពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយអាជ្ញាធរតាមព្រំដែន ក៏បានទប់ស្កាត់ និងបង្ក្រាបពួកមេខ្យល់ រួមទាំងកសាងនីតិវិធីបញ្ជូនទៅតុលាការផងដែរ ៕

website_news/2022290806.txt · Last modified: 2022/08/29 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki